ព័ត៌មានទាន់ហេតុការណ៍៖

ស្នាក់ការដែនជម្រកសត្វព្រៃភ្នំណាមលៀរទទួលបានអណ្ដូងស្នប់១ ពីក្រុមហ៊ុន SOCFIN សម្រាប់ឧទ្យានុរក្សប្រើប្រាស់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អណ្ដូងស្នប់ចំនួន១ ជាអំណោយរបស់ក្រុមហ៊ុនចម្ការកៅស៊ូ SOCFIN ត្រូវបានប្រគល់ជូននាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មន្រ្តីឧទ្យានុរក្ស។

ពិធីប្រគល់ទទួលអណ្ដូងស្នប់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្នាក់ការដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងក្រុមវ៉ារយោង ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកវុធ សារុំ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ទទួលបន្ទុកជានាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានសម្ដែងនូវក្ដីរីករាយចំពោះអំណោយរបស់ក្រុមហ៊ុន SOCFIN ។ លោកថ្លែងថា ជំនួសមុខឲ្យថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងក្នុងនាមដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភគាំទ្រជាសម្ភារប្រើប្រាស់ផ្សេងៗ ជាពិសេសអណ្ដូងស្នប់១នេះ ដែលជាតម្រូវការចាំបាច់សម្រាប់ឧទ្យានុរក្សប្រើប្រាស់ និងសូមថ្លែងអំណរគុណចំពោះអំណោយរបស់ក្រុមហ៊ុន SOCFIN ដែលក្រុមហ៊ុនតែងតែជួយគិតគូរដល់ឧទ្យានុរក្ស។

គួរបញ្ជាក់ថា SOCFIN គឺជាក្រុមហ៊ុនដាំដំណាំកៅស៊ូជាផ្លូវការ នៅកម្ពុជា បានប្រកាសប្ដេជ្ញាថា នឹងបង្កើតចម្ការកៅស៊ូក្នុងខេត្ត មណ្ឌលគិរី ដោយខិតខំរក្សាបរិស្ថាន និងគោរពចំពោះសហគមន៍ ក្នុងតំបន់ ដោយមានតម្លាភាពបំផុត ព្រមទាំងធ្វើយ៉ាងណាឲ្យ ក្លាយជាក្រុមហ៊ុនកសិ-ឧស្សាហកម្មឈានមុខគេមួយក្នុងតំបន់ ត្រូពិក៕

អត្ថបទ រូបភាព មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី


ចែករំលែក៖