ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបចាប់ខ្លួនស្ត្រីម្នាក់កំពុងកត់កន្ទុយលេខឆ្នោតវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាកូនកញ្ច្រែងកត់កន្ទុយលេខ (ឆ្នោតវៀតណាម) ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អមឃាត់ខ្លួន និងដកហូតវត្ថុតាងមួយចំនួនកាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុចតូបជួលស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីអ្នកកត់ឆ្នោតនោះឈ្មោះ ឈុន សោភាព អាយុ ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ចំណុចកើតហេតុខាងលើ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រត្តិបត្តិការណ៍ខាងលើនេះ ក្រោមការបញ្ជាផ្តាល់ពីលោក វរៈសេនីយទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ និងដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ទោ គួក សុខហួរ អធិការរងនគរបាលខណ្ឌ និងលោកឆាយ វាសនា នាយករងរដ្ឋបាលសាលាខណ្ឌ និងក៏មានការចូលរួមពីមន្ត្រីសាលាខណ្ឌសែនសុខផងដែរ។ ក្នុងនោះសមត្ថកិច្ចដកហូតបានក្រដាសកត់កន្ទុយលេខមួយចំនួន និងប្រាក់ចំនួន២៣ម៉ឺនរៀល។

ពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខបានសម្តែងការត្រេកអរនៅចំណាត់ការរបស់សមត្ថកិច្ច និងអាជ្ញាធរខណ្ឌ ដែលតែងតែចុះបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏ប៉ុន្តែពួកគាត់បានលើកឡើងថា ការចុះបង្ក្រាបនេះ ដូចជាមិនចំគោលដៅនៅឡើយទេ ពីព្រោះថា មេៗកន្ទុយលេខធំៗមានច្រើនកន្លែងណាស់ នៅក្នុងទឹកដីខណ្ឌសែនសុខដូច្នេះហើយពួកគាត់សំណូមពរឲ្យសមត្ថកិច្ច និងអាជ្ញាធរធ្វើយ៉ាងណាបន្តចុះបង្ក្រាបល្បែងស៊ីសងទាំងនេះឲ្យចំគោលដៅ(ចាប់មេធំៗ)កុំឲ្យដូចពាក្យគេថា គោះទឹកបង្អើលត្រីឲ្យចូលលបនោះ។

បច្ចុប្បន្នស្ត្រីអ្នកកត់កន្ទុយលេខខាងលើរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖