ខេត្តពោធិ៍សាត់៖ លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកម្លាំងចម្រុះប្រមាណជាង ៦០នាក់ ចុះបង្រ្កាបឧបកណ៍បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយកាប់កម្ទេចចោលនូវវត្ថុតាង។
ប្រតិបត្តិការខាងលើធ្វើឡើងពេញមួយថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចការបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផលរបាំងសាច់អួនចំនួន ១៤ខ្សែ ស្មើរនឹងប្រវែងចំនួន ៤៩៥០ម៉ែត្រ ក្បាលបរចំនួន ១២គ្រឿង បង្គោលចំរឹងចំនួន ៨៧០ដើម និងចាក់លែត្រីចម្រុះចំនួន ១៦០គីឡូក្រាម។
ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរកម្លាំងបានអប់រំដល់ម្ចាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលចំនួន ១៥ខ្សែ ស្មើនឹងចំនួន ១៥គ្រួសារ ដើម្បីតម្រូវឲ្យពួកគាត់រូសរើដោយខ្លួនឯងហើយឲ្យឈ្វេងយល់អ្វីទៅដែលខុសច្បាប់ ចំណែកឧបករណ៍បទល្មើសនេសាទជាវត្ថុតាងដែលបង្រ្កាបបាន បានកាប់កម្ទេចចោលនៅនឹងកន្លែង៕ ប៉ឹម ពិន