ភ្នំពេញ៖ កម្លាំងផ្នែកជំនាញគ្រឿងញៀនខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ផ្លូវលំ151 ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់នេះទី១-ឈ្មោះ យី លីន ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំត្រពាំងរវា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ យី គន្ធា ភេទប្រុសអាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិត្រពាំងអណ្តូង ឃុំត្រពាំងរវា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភារៈដកហូតមាន ទី១-ក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន 01កញ្ចប់តូច , ទី២-ម៉ូតូម៉ាក YAMAHA EXCITE ពណ៌ក្រហន+ស គ្មានស្លាកលេខ ចំនួន01គ្រឿង។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យចំនួន02នាក់ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច ដោយមានការសង្ស័យ កម្លាំងល្បាត់របស់យើងក៏ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន01កញ្ចប់ ភ្លាមនោះកម្លាំងយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង02នាក់រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ចាន់ធឿន