ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកអេង ជាសាន អាចឃុបឃិតគ្នាជាមួយជំនាញបង្កើតឲ្យមាន និងលាក់លៀមបទល្មើសបំផ្លាញធនធានជលផល ពេញបន្ទុកក្នុងខេត្តកំពង់ធំ

ចែករំលែក៖

បទល្មើសនេសាទនៅខេត្តកំពង់ធំ បន្តកើតមានយ៉ាងគគ្រឹកគគ្រេង ដោយសារតែការឃុបឃិតគ្នារបស់ក្រុមមន្ត្រីមានសមត្ថកិច្ច គ្រាដែលថ្នាក់លើត្រជាក់ល្ហឹម។ ប្រជាពលរដ្ឋខ្មែរនៅតំបន់ពាមបាង ក្នុងខេត្តកំពង់ធំបាននិយាយថា «គ្មានថមថយសោះឡើយចំពោះបញ្ហាបទល្មើសនេសាទ»។ បើតាមប្រជាពលរដ្ឋខ្មែរថា គឺពួកមន្ត្រីជលផលជាអ្នកដែលឃុបឃិតបើកដៃឲ្យអ្នកនេសាទវៀតណាមចូលនេសាទតាមអំពើចិត្ត ជាមួយនឹងការប្រើប្រាស់ឧបករណ៍ល្មើសជាច្រើន។

លោកអេង ជាសាន អគ្គនាយករដ្ឋបាលជលផល

រីឯពួកមន្ត្រីជលផលក្រោមអំណាចលោកប៉ែន វណ្ណរិទ្ធ ហែហមដោយមេខ្យល់អ្នករៀបចំបទល្មើសធំជាងគេគឺលោក យ៉ាន់ វិសាក់ ហៅសែ បានដើរនិយាយប្រាប់ពួកអ្នកនេសាទវៀតណាមថា មិនចាំបាច់ខ្វល់ ឬភ័យព្រួយនឹងការបង្ក្រាបអ្វីនោះទេ បើពួកគេមិនចាប់ គ្មាននរណាចាប់ឡើយ។ រីឯថ្នាក់លើ (សំដៅលើលោកអេង ជាសាន) ប្រើសិនបើចុះមក ពួកគេនឹងរាយការណ៍ឲ្យក្រុមអ្នកនេសាទទាំងនោះផ្អាកសកម្មភាព ឬលាក់បាំងបទល្មើសសិន។ ពួកមន្ត្រីជលផលទាំងនោះ ជាពិសេសលោកយ៉ាន់ វិសាក់ បានធានាចំពោះអ្នកនេសាទល្មើសច្បាប់ជនជាតិវៀតណាមថា កុំបារម្ភ«ថ្នាក់ខេត្តបានដោះស្រាយជូនថ្នាក់លើរួចហើយ» ដូច្នេះគ្មានថ្នាក់ជាតិឯណាមកបង្ក្រាបបទល្មើសនោះទេ។

លោក ប៉ែន វណ្ណរិទ្ធ

យ៉ាងដូច្នេះមានន័យថា បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបខេត្តកំពង់ធំ មានការរៀបចំចាប់ពីថ្នាក់ខេត្ត ដល់ថ្នាក់ជាតិ ។ ពួកមន្ត្រីជលផលខេត្តកំពង់ធំអះអាងថា ពួកគេបានចែករំលែកផលចំណេញពីការអនុញ្ញាតឲ្យមានបទល្មើសនៅបឹងទន្លេសាបនោះជូនលោកអេង ជាសានរួចហើយ ដូច្នេះអ្នកនេសាទល្មើសច្បាប់មិនបាច់បារម្ភទេ។ ហេតុដូច្នេះហើយបានជាគេសង្កេតឃើញថា បទល្មើសនេសាទនៅខេត្តកំពង់ធំមិនថមថយសោះ។

គេមិនដឹងថា តើលោកអេង ជាសាន អគ្គនាយករដ្ឋបាលជលផលទទួលបានលាភសក្ការពីកូនចៅនៅខេត្តកំពង់ធំប៉ុន្មានម៉ឺនដុល្លារនោះទេក្នុងមួយរយៈនេះ។ ប៉ុន្តែបើតាមពួកមន្ត្រីជលផលអះអាងថា ទំហំទឹកប្រាក់ដែលផ្តល់ជូនថ្នាក់ជាតិ ក៏ដូចជាថ្នាក់ដឹកនាំខេត្តច្រើនគួរសមដែរ។ ហេតុដូច្នេះហើយ គេអាចអនុញ្ញាតឲ្យបណ្តាជនវៀតណាមនេសាទល្មើសច្បាប់ជាចំហរបាន។ ប្រការនេះគួរតែរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពិនិត្យមើលផង៕

លោកយ៉ាន់ វិសាក់ ហៅសែ


ចែករំលែក៖