ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសនេសាទ ២កន្លែងផ្សេងគ្នា នៅលើផ្ទៃទឹកបឹងទ្លេសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដើមខែមករា ឆ្នាំ២០១៨ នេះ ឃើញកម្លាំងចំរុះបានសហការគ្នាធ្វើការបង្រ្កាបបទល្មើសនេសាទជាញឹកញាប់គួរឲ្យចាប់អារមណ៍ នេះសឲ្យឃើញជាការភ្ញាក់រលឹកខណៈមួយរយៈកន្លងមកគ្មានការបង្រ្កាប។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទ្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹកបានឲ្យដឹងថា នាព្រឹកថ្ងៃទី០៨ ខែមករា ម្សិលមុិញ កម្លាំងចំរុះប្រមាណ ១២នាក់ ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល ចុះបង្រ្កាបនៅចំណុចព្រែកខ្ញែង ស្ថិតក្នុងភូមិ.ឃុំខាងលើ លទ្ធផល៖ កម្លាំងបង្រ្កាបបាននូវឧបករណ៍រួមផ្សំប្រភេទរបាំងសាច់អួន(ប)ខុសច្បាប់ស្ដីពីជលផលចំនួន ០៥ខ្សែ ស្មើរនឹងប្រវែងចំនួន ២១០០ម៉ែត្រ ក្បាល(ប)ចំនួន ០៥គ្រឿង បង្គោលចំរឹងចំនួន ១៣០ដើម និងចាក់លែត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវុញចំនួន ២៨គីឡូក្រាមផងដែរ។

ដោយឡែក៖ ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅថ្ងៃដដែលនោះកម្លាំង ១ក្រុមផ្សេងសរុបប្រមាណជិត ៣០នាក់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ចុះបង្រ្កាបចាប់ពីចំណុចជ្រោយស្តី ឃុំក្បាលត្រាច រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង លទ្ធផល៖ បង្រ្កាបរបាំងសាច់អួន(ប)ចំនួន ០៥ខ្សែ ស្មើរនឹងប្រវែងចំនួន ១៧៣០ម៉ែត្រ បង្គោលចំរឹង និងឈ្នក់ចំនួន ៥១០ដើម លូកងសាច់អួនចំនួន ០៥មាត់ បង្គោលឈ្នក់ចំនួន ៧៩កន្លែង ស្មើរនឹងចំនួន ១៨២៥ដើម និងចាក់លែត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ៤២គីឡូក្រាមថែមទៀត។

ប្រភពព័ត៌មានទាំងពីករណីខាងលើបបន្តទៀតថា លទ្ធផល៖ ជាវត្ថុតាងដែលកម្លាំងធ្វើការបង្រ្កាបបាន បានកាប់ និងចងអូសដោយកាណូតបំផ្លាញចោលនៅនឹងកន្លែង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីនេះ នៅទីតាំងដដែលខាងលើស្ថិតក្នុងស្រុកក្រគរ ព្រះរាជអាជ្ញាបានដឹកនាំកម្លាំងជាង៦០នាក់ចុះមកបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ។ លុះមកដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានដឹកនាំកម្លាំងជាង៤០នាក់ ចុះមកបង្ក្រាបបទល្មើសនេសាទផងដែរ ៕ ប៉ឹម ពិន


ចែករំលែក៖