ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកអ្នកជិះម៉ូតូ២នាក់ពីក្រោយស្លាប់និងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបើកមកពីក្រោយបុកយ៉ាងពេញទំហឺង កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងតាអី ឃុំតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះអិន ឡែន អាយុ៦៧ឆ្នាំ មុខរបរកសិករ និងអ្នករងរបួសធ្ងន់ មានឈ្មោះផៃ ស៊ីណា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខណៈជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១c១០៣៨ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញាណនៅឡើយក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់រថយន្តហ៊ីយ៉ានដាយពណ៌សរពាក់ស្លាកលេខស្វាយរៀង៣A១៦១៧នៅនិងកន្លែង។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានស្ត្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ ដោយធ្វើដំណើរពីត្បូងមកជើង ខណៈនោះស្រាប់តែមានរថយន្តហ៊ីយ៉ានដាយពណ៌ស បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះក្នុងទិសដៅស្របគ្នាមកពីក្រោយក៏បុកពេញទំហឺងបង្កភាពភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកភូមិបានមកចោមរោមមើល និងរាយការណ៏មកសមត្ថកិច្ចមកអន្តរគមន៍ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែដោយស្ត្រីចំណាស់អិន ឡែន របួសធ្ងន់ក៏ដាច់ខ្យល់ស្លាប់តែម្ដង។

បន្ទាប់ពីវាស់វែងរួចសមត្ថកិច្ចនគរបាលស្រុកបានវាស់វែង និងអូសមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាក់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖