ព័ត៌មានទាន់ហេតុការណ៍៖

ទារិកាអាយុ៩ខែត្រូវស្លាប់ព្រោះតែការសងសឹកច្រឡំពីក្រុមជនក្មេងអន្ធពាល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ទារិកាម្នាក់ត្រូវរងព្រនង់ឫស្សីបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបាន ក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ប៉ុន្តែជាអកុសលទារិកានោះបានស្លាប់បាត់ទៅ។ រីឯក្រុមជនសង្ស័យត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាន២នាក់ ។

ទារិកាអាយុ៩ខែម្នាក់បានរងការវាយ ប្រហារពីក្រុមក្មេងពាលកាលពីវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃសៅរ៍ ៥រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ហើយបាន បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុបា្ជ រាជធានីភ្នំពេញតែក្រោយមកបានបាត់បង់ ជីវិត ហើយត្រូវបានលោកស្នងការនគរ បាលខេត្តចាត់ឲ្យមន្ត្រីជំនាញបើកការស្រាវជ្រាវ និងចាប់បានជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ។

ទារិកាដែលបានស្លាប់ក្រោមកណ្តាប់ដៃរបស់ក្មេងអន្ធពាលនោះឈ្មោះ ដាមី មុនីរ័ត្ន អាយុ៩ខែ ដែលបានរងរបួសធ្ងន់ ពេលម្តាយមីងឈ្មោះ អឿន សិលា ដែល កំពុងតែបីដាក់លើភ្លៅជិះម៉ូតូមានគ្នា៤នាក់ខណៈកំពុងតែជិះម៉ូតូ១គ្រឿងដើម្បីទៅ មើលការប្រគំតន្ត្រីសម័យ។ ពិតជាគួរឲ្យ រន្ធត់ណាស់ទារិកាអាយុទើបតែ៩ខែត្រូវ បានក្រុមក្មេងអន្ធពាល១ក្រុមមានគ្នាចំនួន៣នាក់បានព្រួតគ្នាវាយដោយព្រនង់ឫស្សីត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់នៅត្រង់ ចំណុចបង្គោលភ្លើងលេខC144 និងC145 ក្នុងភូមិបឹងកំបោរ ឃុំបឹងព្រួល ស្រុក-ខេត្ត ត្បូងឃ្មុំ ។

ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌរហូតមកដល់ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨សមត្ថកិច្ចបានស្រាវជ្រាវចាប់បានក្មេងអន្ធពាល២នាក់ក្នុងនោះមាន ទី១- ឈ្មោះ ងួន ម៉េងហ៊ួត ភេទប្រុស អាយុ១៩ ឆ្នាំ និងទី២-ឈ្មោះ សាកី យ៉ូម ភេទប្រុស ជាខ្មែរអ៊ិស្លាម អាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ។ ក្រុមនេះជនដៃដល់បាន ឆ្លើយសារភាពថា វាយច្រឡំមនុស្សដែលធ្លាប់មានជម្លោះជាមួយនាពេលកន្លងមក។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងតែតាម ប្រមាញ់ចាប់ខ្លួនផងដែរ ៕ ហេង នរិន្ទ្រ


ចែករំលែក៖