ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ចេញសែកគ្មានសាច់ប្រាក់ជាង៨ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនមកតុលាការ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ចាប់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ មន្ត្រីតុលាការ ថ្លែងថា នៅថ្ងៃទី១០ ខែមករា ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនជនត្រូវចោទឬមិនឃុំខ្លួន ។

សមត្ថកិច្ច បញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះ សរ សុខន ហៅស្រី អាយុ៥៩ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៤៧ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកដើមបណ្តឹងឈ្មោះ ហៃ ណារ៉េត ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបន្តថា ស្ត្រីរូបនេះជាប់ចោទពីបទ”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទានដោយមានបំណង និង ដោយចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ” ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ , ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ និង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់ ។

ចន្លោះពេលនេះ ដើមបណ្តឹងសង្ឃឹមថា តុលាការនឹងចាត់ការស្ត្រីរូបនេះតាមច្បាប់ ដោយសារស្ត្រីរូបនេះ ពូកែខាងឆបោកគេណាស់ ពិសេសអ្នកខេត្តបាត់ដំបងតែម្តង ៕ ចេស្តា


ចែករំលែក៖