ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស២នាក់រឹបអូសឯកសារផលិតក្លែងក្លាយក្នុងផ្ទះថតរូប «ប៊ុន ធី ថតរូបល្អពេញចិត្ត»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្រសួងមហាផ្ទៃ និងក្រោមការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ផងនោះបានចុះបង្ក្រាបទីតាំងធ្វើអត្តសញ្ញាណបណ្ណ និងឯកសារសាធារណៈក្លែងក្លាយ១កន្លែង មានស្លាកយីហោ «ប៊ុន ធី ថតរូបល្អពេញចិត្ត» នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បន្ទាប់ពីផលិតឯកសារក្លែងក្លាយមួយចំនួនធំ នាព្រឹកថ្ងៃ អង្គារ ៨រោចខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ទី៩ ខែមករា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនមុខសញ្ញាបុរសចំនួន២នាក់ ដែកជាប់ពាក់ព័ន្ធ ផលិតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្លែងក្លាយ និងដកហូតវត្ថុតាងមាន ម៉ាស៊ីនព្រីន៣គ្រឿង, ម៉ាស៊ីនអ៊ុតកាត១គ្រឿង, ម៉ាស៊ីនកាត់ពុម្ភ ១គ្រឿង, CPU២គ្រឿង, ម៉ូនីទ័រ១គ្រឿង, សម្ភារ និងឯកសារក្លែងក្លាយមួយចំនួនធំផ្សេងទៀត។

លោកឧត្តមសេនីយ៍ត្រី សម សាមួន បន្តថា សមត្ថកិច្ចចម្រុះ នឹងបន្តឆែកឆេររកឯកសារ ផ្សេងទៀតដែលជនសង្ស័យទាំងពីរនាក់ រួមនឹងបក្ខពួក បានលួចផលិតឯកសារសាធារណៈ យកទៅប្រើប្រាស់ក្រៅផ្លូវការ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងដែលរឹបអូសបាន ត្រូវបានកម្លាំងជំនាញយកទៅសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖