ភ្នំពេញ៖ គេមានជំនឿថា នាយនគរបាលពាក់ស័ក្តិ៤កន្លះមួយរូបប្រើហឹង្សាលើមន្រ្តីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ដ៏ឃោរឃៅជាមួយនឹងរន្ទះជើងចំកណ្ដាលដើមទ្រូងក្រោមក្រសែក្នែក មជ្ឈដ្ឋានមហាជនដ៏ច្រើនកុះករ អាចប្រឈមនឹងការចាប់ខ្លួន ដើម្បីយកមកផ្តន្តាតាមផ្លូវតុលាការ ខណៈខ្លួនជាអ្នកអនុវត្តច្បាប់ ប្រើហឹង្សាលើកសមត្ថកិច្ចផ្នែកចរាចរណ៍ គ្រាន់តែរឿងរាវបន្តិចបន្ទួច ខ្លួនចតរថយន្តលើផ្លូវសាធារណៈបង្កកក់ស្ទះចរាចរណ៍ ហើយជនរងគ្រោះសូមណូមពរឲ្យយករថយន្តចេញក៏កើតហឹង្សាឃោរឃៅនេះ ។
សកម្មភាពនគរបាលស័ក្តិ៤កន្លះវាយមន្រ្តីនគរបាលចរាចរណ៍ក្នុងបទល្មើសជាក់ស្តែងនេះ មិនត្រឹមមជ្ឈដ្ឋានមហាជន នៅម្តុំស្តុបត្រឡោកបែករវាងព្រុំប្រទល់ទឹកដីខណ្ឌសែនសុខនិងខណ្ឌទួលគោក បានឃើញផ្ទាល់ភ្នែកប៉ុណ្ណោះទេទង្វើដ៏អសីលធម៍ ហឹង្សាទាំងកំរោលបែបនេះក៏ត្រូវបានអ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្តិតយករូបភាពនេះបង្ហោះ រំលែកទៅកាន់មនុស្សរាប់ពាន់ ម៊ឺន សែន នាក់ ជាមួយនិងការរិះគន់ដោយសម្តីធ្ងន់ៗ នឹងសំណូមពរឲ្យថ្នាក់លើគួរចាត់ការជាបន្ទាន់ ស្វែងរកចាប់ខ្លួននគរបាលស័ក្តិ៤កន្លះជាជនដៃដល់ ផ្តល់ភាពយុតិធម៍ដល់ជនរងគ្រោះខាងលើ ខិតខំបំពេញភារកិច្ច តួនាទីទាំងហាលវាល ហាលក្តៅ ដីហ៊ុយ ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរនិងយានជំនិះគ្រប់ប្រភេទ តាមបទបញ្ជាសាមីអង្គភាពនឹងចូលរួមអនុវត្តន៍ ពង្រឹងច្បាប់ចរាចរណ៍តាមអនុសាសន៍សម្តេចតេជោនោះ ។
គួររំលឹកថា អំពើហឹង្សាមួយត្រូវបានកើតឡើងកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨នេះ មកលើមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់យ៉ាងឃោរឃៅផងដែរ បង្កឡើងដោយលោកស័ក្តិ៤កន្លះដែលមិនទាន់ស្គាល់អត្តសញ្ញាណ ។
ជនល្មើសដែលបានធ្វើសកម្មភាពធាក់លើមន្ត្រីអនុវត្តច្បាប់ចរាចរ មានឈ្មោះ សៅ បញ្ញា អាយុ ៣៣ ឆ្នាំ មានតួនាទីជា អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ។
ពេលនេះសមត្ថកិច្ចចរាចររាជធានីភ្នំពេញកំពុងសួរចំលើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា មន្ដ្រីនគរបាលដែលលើកជើងធាក់មន្ដ្រីចរាចរណ៍ របស់សាលារាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការលើកលែងឡើយ ៕ ស តារា