ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលក្រុងបាវិតម្នាក់ចេញពីសាលប្រជុំហូរឈាមពេញជើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកអនុសេនីយ៍ទោខែក យ៉េង នាយរងផ្នែកស្ថិតិប្រជាពលរដ្ឋ នៃអធិការដ្ឋាននគរបាលក្រុងបាវិតមានជំងឺធ្ងន់ធ្ងរ ខណៈកំពុងដើរចេញពីសាលប្រជុំចុះមកដល់ដីខាងមុខអគារនៃស្នងការដ្ឋាននគរបាលខេត្ត ស្រាប់តែហូរឈាមក្រហមច្រាលដូចគេចាក់កជ្រូកដួលសន្លប់ភ្លាមៗ ធ្វើឲ្យផ្អើលពេញស្នងការ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅខាងមុខអគារប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

បន្ទាប់មកមន្រ្តីនគរបាលខេត្តបានហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

បើតាមមន្រ្តីនគរបាលខេត្តម្នាក់បានបង្ហើបឲ្យដឹងថា ជនរងគ្រោះត្រូវលោកស្នងការដ្ឋាននគរបាលខេត្តកោះហៅឲ្យមកប្រជុំ ដាក់ផែនការការងារឆ្នាំ២០១៨ នៅស្នងការនគរបាលខេត្ត លុះប្រជុំជិតចប់ជនរងគ្រោះនិយាយប្រាប់លោកអធិការនគរបាលក្រុងបាវិតថា មិនស្រួលខ្លួនគឺ ចុកពោះស្ទិញ ក៏សុំចេញមុន ខណៈចុះដល់ខាងមុខអគារស្រាប់តែហូរឈាមតាមបាតដូចគេចាក់កជ្រូកដួលសន្លប់តែម្តង។

បើតាមលោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យខេត្តបានមានប្រសាសន៍ថា លោកអនុសេនីយ៍ទោ ខែកយ៉េង អាយុ៤៥ឆ្នាំ មានជំងឺ រលាកក្រពះធ្ងន់ធ្ងរ និងឫសដូងបាតធ្ងន់ធ្ងរ សង្ស័យធ្លាយក្រពះ ឬឫសដូងទុំបែកធ្លាយ មិនអាចជួយសង្គ្រោះបាន ក៏បញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមដើម្បីសង្គ្រោះបន្តនៅព្រឹកថ្ងៃទី៩ មករា ២០១៨។

រីឯក្រុមគ្រួសារជនរងគ្រោះបានរិះគន់ថា ក្រុមគ្រូពេទ្យហាក់បីដូចជា ព្រងើយកន្តើយ មិនសូវយកចិត្តទុកដាក់ព្យាបាលជំងឺស្វាមីគាត់ទេ ទើបក្រុមគ្រួសារសម្រេចចិត្តបញ្ជូនស្វាមីរបស់គាត់យកទៅមន្ទីរពេទ្យប្រទេសវៀតណាមដើម្បីសង្គ្រោះ ៕ យឹម សុថាន


ចែករំលែក៖