ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រាឡើងជោក ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បាលស្ពានអាកាសស្ទឹងមានជយ័ពេញទំហឹងបណ្តាលឲ្យរថយន្តបង្កកល់លើទ្រូងផ្លូវខ្ចេចមួយកំណាត់ទៅមុខលេងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច គល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02-2-8105 ដែលបើកបរដោយបុរសមានស្ថានភាពស្រវឹងស្រាឡើងជោកជាំ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រេចង្កូតបុករបាំងថ្មពុះចែកទ្រូង រថយន្តឡើងជិះលើក្បាលស្ពានកល់ទៅមុខលេងរួច មិនបង្កឲ្យមានអ្នករងរបួស។
សមត្ថកិច្ចជំនាញមកវាស់វែង យកថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ