ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«នៅរសៀលថ្ងៃទី ១០ មករានេះ កម្ពុជានឹងចាប់ដំណើការកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី២ នៅវិមានសន្តិភាព ដែលមានប្រមុខដឹកនាំនៃប្រទេសទាំង៦ ដូចជា កម្ពុជា ចិន ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា (ភូមា) នឹងចូលរួមពិភាក្សារកដំណោះស្រាយល្អៗដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិត្តភាព និងសន្តិភាពរវាងប្រទេសនៅតាមដងទន្លេមេគង្គដែលភ្ជាប់ទៅនឹងទន្លេឡានឆាងប្រទេសចិន។
នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំនៃប្រទេសទាំង៦ នឹងអញ្ជើញចូលទស្សនាការតាំងពីព័រណ៍សមិទ្ឋផលលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងបរិវេណវិមានរដ្ឋាភិបាលផងដែរ។
កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍន៍នៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកអោយប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង នៅថ្ងៃស្អែកនេះ។
ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ជួបតែសេចក្តីសុខ សំណាងល្អគ្រប់ៗគ្នា»៕