ភ្នំពេញ ៖ បុរសម្នាក់ បានដឹកស្រីស្នេហ៍ដែលមានសាច់សរខ្ចីបំរុងយកទៅខន់ដូរ (យកដេក)តែធ្វើឲ្យប្រពន្ធតាមទាន់ និងខឹងស្រែកថាចោរៗ បណ្ដាលឲ្យដឹងលឺដល់កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទំនុបទឹកកំពុងជិះល្បាតឃើញ ក៏ជិះដេញតាមចាប់ស្មានតែចោរឆក់ រហូតទៅដល់ផ្សារដើមគ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករផ្សារដើមគ ជួយស្ទាក់ចាប់បាន និងត្រូវសមត្ថកិច្ចវៃខ្នោះជាប់គ្នាទាំងគូ នៅចំណុចផ្សារដើមគ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន នៅវេលាម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។
យោងតាមសម្ដីគូស្នេហ៍លួចលាក់មួយគូខាងលើនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់បានទាក់ទងស្គាល់គ្នា២ទៅ៣ខែហើយ ហើយខាងស្រីបានប្រាប់ថា សង្សាររបស់គាត់បានលេងលះជាមួយប្រពន្ធរួចហើយ ទើបរូបនាងហ៊ានមកទាក់ទង ។ ចំណែកឯខាងប្រុសបានប្រាប់ថា រូបគាត់ក៏បានលែងលះប្រពន្ធដែលមិនបានរៀបការនេះជាង២ទៅ៣ខែមកហើយដែរ តែខាងប្រពន្ធមិនព្រម រហូតដល់ថ្ងៃកើតហេតុនេះ ត្រូវបានប្រពន្ធតាមដានប្ដី កំពុងតែដឹកស្រីក្មេងខាងលើនៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ធ្វើឲ្យប្រពន្ធខឹង ហើយក៏ស្រែកថា ចោរៗៗ ពេញដងផ្លូវរហូត ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាត បានតាមដេញចាប់ដល់ចំណុចផ្សារដើមគ ខណៈមានប្រជាពលរដ្ឋ ដែលជាអាជីវករជាច្រើននាក់ បានជួយស្ទាក់ចាប់ឲ្យសមត្ថកិច្ច ហើយក៏សំណាងល្អដែរ ដែលអាជីវករផ្សារដើមគ មិនបានវៃតប់ទៅលើគូស្នេហ៍ខាងលើឲ្យរបួស ភ្លាមៗនោះប្រពន្ធរបស់បុរសដឹកស្រីស្នេហ៍ខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយមកសមត្ថកិច្ចបានដាក់ខ្នោះគូស្នេហ៍មួយគូខាងលើ យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនុបទឹក ដើម្បីសួរនាំ រកហេតុផល និងចាត់ការតាមនីតិវិធី៕ ស រស្មី