ខេត្តកណ្ដាល៖ នគរបាលខ្សាច់កណ្ដាលចាប់ខ្លួនបុរសម្នាក់ ក្រោយពីស្រវឹងស្រាស្រឿងៗយកកាំបិតប៉័ងតោទៅកាប់ឪពុករបស់ខ្លួនយ៉ាងងងើលពកថ្ងាស់ តែកាប់ពុំបានសម្រេច បែរជាយកកាំបិតនោះទៅកាប់អំពូលភ្លើង បណ្ដាលឲ្យខូចខាតអស់ចំនួនមួយដើម ។
ករណីហិង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដលបានឲ្យដឹងថា ជនសង្ស័យដែលមានឈ្មោះ ជេត ចក្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះ កន ជេត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាឪពុក-កូននឹងគ្នា មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំបិតបុ័ងតោចំនួន១ និងអំពូលភ្លើងបែកចំនួន១ ។
ប្រភពដដែលបន្ដថា មុនពេលកើតហេតុជនសង្ស័យបានផឹកស្រាជាមួយមិត្តភក្កិឈ្មោះ ក្រឹម ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈូក ឃុំសន្លុង ។ លុះផឹកស្រាអស់ចំនួនប្រហែលកន្លះលីត្រ ជនសង្ស័យក៏ដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ រហូតមកដល់ម៉ោងប្រមាណ១៧ល្ងាច ជនសង្ស័យអង្គុយហូបបាយ ខណៈដែលហូបរួច ក៏ទាត់ចានបាយរបស់ខ្លួនចោលដោយពុំដឹងមានរឿងហេតុអ្វីនោះទេ ឃើញដូចនោះជនរងគ្រោះជាឪពុកនិយាយថា ឯងធ្វើអីអញ្ចឹង ភ្លាមនោះជនសង្ស័យខឹងសំដីរបស់ឪពុកគ្រាន់តែពោលពាក្យដូច្នេះ ក៏ស្ទុះយកកាំបិតបុ័តតោទៅកាប់ជនរងគ្រោះជាឪពុករបស់ខ្លួន តែពុំបានសម្រេចនោះទេ ព្រោះភ្លាមនោះជនរងគ្រោះបានរត់ចេញពីផ្ទះស្រែកឲ្យអ្នកជិតខាងជួយ ។ បន្ទាប់មកជនសង្ស័យបានកាប់អំពូលភ្លើងបែកអស់ចំនួន ០១ដើម ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលសន្លុង ដើម្បីចាប់ខ្លួនជនសង្ស័យ ។ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះសមត្ថកិច្ចក៏ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ