ព័ត៌មានទាន់ហេតុការណ៍៖

លី ច័ន្ទសីហា សម្រាលបានកូនស្រីតាមក្តីបំណង

ចែករំលែក៖

ភ្នំពេញ៖ តារាទឹកភ្នែក អ្នកនាង លី ច័ន្ទសីហា បានសម្រេចបំណងក្នុងការបង្កើតកូនស្រីគួរឲ្យស្រលាញ់ម្នាក់ កាលពីយប់ថ្ងៃទី៩ ខែមករា កន្លងទៅ។ កូនស្រីនេះ នឹងក្លាយជាសមាជិកគ្រួសារថ្មីរបស់នាងផងដែរ។

មុនពេលសម្រាលគេឃើញគ្រួសាររបស់នាងពិសេសស្វាមី និងឪពុកបានទៅរង់ចាំនាងសម្រាលកូនស្រីដើម្បីលើកទឹកចិត្តដល់នាង។លី ច័ន្ទសីហា និងកូនស្រីក៏មានសុខភាពល្អណាស់ដែរនៅប៉ុន្មានម៉ោង ក្រោយបន្ទាប់ពីចេញពីបន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែនាងនៅបន្តសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដដែល។

លោកលី សុជុន ឪពុករបស់អ្នកនាង លី ច័ន្ទសីហា និយាយថាចៅស្រីរបស់លោកកើតនៅវេលាម៉ោង៩ និង១៦នាទី ថ្ងៃទី៩ មករា ដោយមានទម្ងន់២,៦គីឡូក្រាម។ លោកនិយាយថា ក្នុងពេលកូនស្រីស្ថិតក្នុងការសម្រាលកូនស្រីលោក និងកូនស្រីមានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ដោយសារតែបានបងប្អូនសាច់ញាតិច្រើនកុះករមករង់ចាំនៅមុខបន្ទប់សម្រាលកូនដើម្បីផ្ដល់កម្លាំងចិត្ត។

ស្វាមីរបស់នាងក៏នៅកំដរជាប់រហូតតាំងពីនាងឈឺពោះរហូតដល់កើតផងដែរ ទើបលោកកាន់តែមានបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលចៅស្រីបានឃើញពន្លឺថ្ងៃដោយមានសុវត្ថិភាពហើយថែមទាំងមានមុខមាត់គួរឲ្យស្រឡាញ់។ យ៉ាងណាក៏ដោយលោកមិនទាន់បង្ហោះឲ្យដឹងថា ចៅស្រីរបស់លោកត្រូវកំណត់ឈ្មោះអ្វីនៅឡើយទេ ក្នុងពេលដែលលោក ក៏ត្រូវដើរតួជាអ្នកមើលថែកូនស្រីរបស់អ្នកនាង លី ច័ន្ទសីហា មិនខុសពីដើរតួជាម្ដាយផងជាឪពុកផងនៅក្នុងមន្ទីរពេទ្យ។

លោកថា លី ច័ន្ទសីហា សម្រាលកូនដោយធម្មជាតិដោយអត់មានវះកាត់ជ្រើសយកម៉ោងពេលនោះទេដោយការសម្រាលកូនរបស់នាងក៏មិនពិបាកដូចអ្នកសម្រាលកូនដំបូងនោះទេ ទើបលោកយល់ថា កូនស្រីរបស់លោកគឺជានារីសំណាងដែលកូនកូនដំបូងដោយធម្មជាតិហើយស្រួលកើតមិនខុសពីចាស់បុរាណ។

ការប្រកាសរបស់លោកបានធ្វើឲ្យមានការអបអរយ៉ាងខ្លាំងដល់អ្នកនាង លី ច័ន្ទសីហា ដែលបានសម្រាលកូនស្រីគួរឲ្យស្រឡាញ់ និងស្រស់ស្អាត។ មានសិល្បករជិតដិតនាងមួយចំនួនបានបង្ហាញវត្តមានសាកសួរសុខទុកដល់នាងដោយផ្ទាល់ មានអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា គង់ វង្សយ៉ាទីជាដើម។

គួរបញ្ជាក់ដែរថា លី ច័ន្ទសីហាបានរៀបការជាមួយ មន្ត្រីយោធាលោក ច័ន្ទ ថៃសេង ដែលជាកូនរបស់លោក ក្នុងស្ថាប័នមួយកាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧កន្លងទៅនេះ៕ វឌ្ឍនា


ចែករំលែក៖