ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងទាស់សម្តីគ្នាកាប់ប្រហារស្លាប់ម្នាក់ក្នុងកម្មវិធីការកូនអ្នកស្រុក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិត ខណៈក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ដោយសារតែត្រូវរបួសខ្លាំងពេកនៅត្រង់កញ្ចឹងក និងត្រចៀកខាងស្តាំ ក្រោយពេលជនរងគ្រោះមានទំនាស់ពាក្យសម្តីពេលផឹកស៊ីស្រវឹងក្នុងកម្មវិធីការកូនអ្នកស្រុក​នោះ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តប្រចាំនៅខេត្តពោធិ៍សាត់ថា ករណីហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងកម្មវិធីការកូនរបស់ឈ្មោះ សិន ប៉ូយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិប្រហាយ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ រិទ្ធ ភារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរងរបួសត្រង់កញ្ចឹងក និងត្រចៀកខាងស្តាំ ពេលនោះសាច់ញាតិបានបញ្ជូនជនរងគ្រោះទៅដល់មណ្ឌលសុខភាពឃុំតាលោដើម្បីសង្គ្រោះ ហើយជនរងគ្រោះក៏បានស្លាប់នៅនឹងមន្ទីរពេទ្យនេះតែម្តង។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា កើតឡើងដោយសារតែផឹកស៊ីស្រវឹងទាស់ពាក្យសម្តីគ្នា តែមិនទាន់ដឹងថា ទំនាស់ពាក្យសម្តីយ៉ាងដូចម្តេចនោះឡើយ ហើយសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ដើម្បីសាកសួរ ដែលមាន ឈ្មោះ រិន ភារក្ស ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឈ្មោះ ប៉ុ​ន ពៅ ភេទប្រុស អាយ២២ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ពួកគេត្រូវបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលតាលោដើម្បីចងក្រងឯកសាររួចបញ្ជូនបន្តតាមនីវិធី ៕ ប៉ឹម ពិន


ចែករំលែក៖