ភ្នំពេញ៖ រហូតមកទល់ពេលនេះជនរងគ្រោះនៅតែទាមទារយុត្តិធម៌ ក្រោយពេលដែលលោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ សម្រេចមិនឃុំខ្លួនជនបង្ក ហើយជនរងគ្រោះគ្មានទទួលបានសំណងសូម្បីមួយរៀល ។
ការសម្រេចមិនឃុំខ្លួននេះ បន្ទាប់ពីជនត្រូវចោទ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ ជាថៅកែហាងលក់សំបកកង់រថយន្ត ដាក់ប្រាក់តម្កល់មួយចំនួន ខណៈជនរងគ្រោះពុំទាន់ទទួលបានសំណងរដ្ឋប្បវេណីសូម្បីមួយរៀល។
មន្ត្រីតុលាការថ្លែងថា ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ អាយុ៦៩ឆ្នាំ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ “ហិង្សាដោយចេតនា”តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
នគរបាល បញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ ភេទប្រុស អាយុ៦៩ឆ្នាំ ជាអ្នកលក់សំបកកង់ រថយន្ត ស្នាក់នៅផ្ទះលេខ១៩៦E0-E1ផ្លូវ១៨២ក្រុមទី២៤ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាន បញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរនិស្សិត បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ ទៅមើលខ្សែភ្លើងដែល ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ បានតពីពេល ថ្ងៃកាត់មុខផ្ទះរបស់ខ្លួន ។
ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃ មកថតខែ្សភ្លើងដែលទើបនឹងតនោះ រួចចុះមក ខាងក្រោមវិញតាមជណ្តើររួមគ្នា ដល់ពាក់កណ្តាល ស្រាប់តែឈ្មោះ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តី ជាមួយជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង រឿងតខ្សែភ្លើងកាត់មុខផ្ទះ របស់ ដោយមិនបានសុំខ្លួន ។
ប្រភពបន្តថា ស្រាប់តែមួយគ្រួសារមានគ្នា៤នាក់ ព្រួតវាយជនរងគ្រោះគឹម ប៊ុនឡុង បណ្តាលឱ្យរបួសធ្ងន់តែម្តង ។ ក្រោយមក សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ ឡាច សុផល តែម្តង ៕ ចេស្តា