ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាម២០នាក់ ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ នៅហាងកាត់សក់អ៊ុតសក់ ក្នុងផ្សារកណ្ដាល

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានបន្តចុះត្រួតពិនិត្យជនជាតិវៀតណាម ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ នៅហាងកាត់សក់ អ៊ុតសក់ ក្នុងផ្សារកណ្ដាល ជាលទ្ធផលៈពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន២០នាក់ (ស្រី១៣នាក់) គ្មានលិខិតឆ្លងដែន ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក នៅហាងកាត់សក់ អ៊ុតសក់ ក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

ក្នុងការចុះត្រួតពិនិត្យជនបរទេសដែលចូលមករស់នៅនិងធ្វើការនៅប្រទេសកម្ពុជាខុសច្បាប់នេះ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ នៅហាងកាត់សក់ អ៊ុតសក់ ក្នុងផ្សារកណ្ដាល ជាលទ្ធផលៈពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន២០នាក់ (ស្រី១៣នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស តារា


ចែករំលែក៖