ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃអ្នកលក់ខោអាវម្នាក់មិនបានសម្រេច ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តី៍បឹងទំពុន២ ខណ្ឌមានជ័យ ចាត់ការតាមច្បាប់ ។
ករណីលួចទូរស័ព្ទមិនបានសម្រេចខាងលើនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចតូបលក់ខោរអាវមួយកន្លែង ក្នុងផ្សារបេសេថ្មី ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីសង្ស័យឈ្មោះ ប៉ោ លីឃីម អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំផ្សារបេសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ រីឯនារីរងគ្រោះឈ្មោះ ទ្រី កន្និកា អាយុ១៧ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះកំពុងជួយរៀបចំតូបបងស្រីលក់ដូរខោអាវនៅផ្សារបេសេថ្មី ដោយបានដាក់ទូរសព្ទក្នុងថង់សម្លៀកបំពាក់ពណ៌ទឹកក្រូច និងមានមួកសុវត្ថិភាពមួយសង្កត់ពីលើ ខណៈគាត់ភ្លេចខ្លួនកំពុងរៀបចំតូបនោះ ស្រាប់តែមានស្ត្រីជនសង្ស័យនោះ ក៏ដើរមើលចុះមើលឡើងបន្លំធ្វើជាអ្នកទិញហើយឆ្លៀតរើកកាយ បន្លំលួចយកទូរស័ព្ទម៉ាក IPhone 5 ពណ៌ទឹកប្រាក់ របស់នារីរងគ្រោះដែលដាក់ក្នុងថង់ខោអាវ តែត្រូវបានអ្នកលក់ដូរតូបក្បែរគ្នាឃើញស្រែកចោរៗ ឆោឡោ រត់ទៅចាប់យកទូរស័ព្ទបានវិញ ហើយទាក់ទងសន្តិសុខផ្សារចុះមកឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានដឹងថាថង់ខោអាវខាងលើនេះ មានទុកទូរស័ព្ទដៃនៅក្នុងហ្នឹងទេ ស្មានថាថង់ដែលមានខោអាវជជុះ ទើបអង្គុយរើកកាយមើល ស្រាប់តែគេស្រែកថាចោរតែម្តង ។
ក្រោយពីសាកសួរនៅប៉ុស្តិ៍រួចហើយ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ គ្រាន់តែសំណូមពរឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ ជួយយកស្ត្រីខាងលើនេះទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំកែប្រែខ្លួនផងដែរ ៕ស តារា