ភ្នំពេញ ៖ បុរសម្នាក់ដែលជាព្រូរថយន្តស្ទួចបានលើកស្ទូចទូកុងតឺន័រ ដើម្បីស្ទូចដាក់លើរថយន្តបែរ ជាភ្លាត់ស្នៀតធ្លាក់ស្លាប់បាត់បង់ជីវិតម្នាក់ ខណៈពេលដឹកមកដល់មន្ទីពេទ្យ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផែស្ងួត Toll ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ង៉ាន តូច ភេទប្រុស អាយុ២៣ឆ្នាំ ជាព្រូរថយន្តស្ទូច មានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ។
តាមសម្តីពីបុរសម្នាក់ ដែលជាសន្តិសុខយាមនៅក្នុងផែស្ងួតកើតហេតុខាងលើបានរៀបរាប់ឲ្យដឹងថា បុរសរងគ្រោះខាងលើ គឺមិនមែនជាបុគ្គលិកនៅក្នុងក្រុមហ៊ុនផែស្ងួតកើតហេតុខាងលើនោះទេ គឺដោយសារតែគ្រឿងចាក់នៅក្នុងក្រុមហ៊ុនផែស្ងួតខាងលើនោះខូច ហើយខាងក្រុមហ៊ុនក៏បានជួលខាងក្រុមហ៊ុនរថយន្តស្ទួចដែលបុរសរងគ្រោះធ្វើការនៅក្នុងនោះ ដើម្បីឲ្យមកស្ទូចទូកុងតឺន័រ ដាក់លើរថយន្តដឹកចេញទៅតាមដេប៉ូនានា ។
បុរសរងគ្រោះរួមទាំងតៃកុងរថយន្តស្ទួចម្នាក់ទៀត បានមកធ្វើការនៅក្នុងផែស្ងួតកើតហេតុខាងលើ អស់រយៈពេលមួយខែមកហើយ ស្រាប់តែនៅថ្ងៃកើតហេតុបុរសរងគ្រោះដែលជាព្រូរួម ទាំងតៃកុងរថយន្តបានស្ទូចទូកុងតឺន័រ ដាក់លើរថយន្ត និងស្ទូចចេញពីរថយន្តដាក់ក្នុងផែជាធម្មតាដូចសព្វដង ។
លុះដល់វេលាកើតហេតុ បុរសរងគ្រោះ និងតៃកុងរថយន្តស្ទូចបានស្ទូចទូកុងតឺន័រទទេមួយ ដែលដាក់ត្រួតនៅពីលើគ្នាចំនួនបីទូ ដោយបុរសរងគ្រោះបានឡើងខាងលើទូកុងតឺន័រ ដែលនៅខាងលើគេ ដោយមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវនោះទេ ហើយបុរសរងគ្រោះបានយកខ្សែកាបចំនួន២សរសៃទៅថ្ពក់សង់ខាងនៃទូកុងតឺន័រនោះ ដើម្បីដាក់ទៅលើរថយន្តសណ្តោងមួយគ្រឿងទៀត ។
ដោយខ្វះការប្រុងប្រយ័ត្ន បន្ទាប់មក តៃកុងរថយន្តស្ទូចក៏បានស្ទូចទាំងបុរសរងគ្រោះនៅខាងលើទូកុងតឺន័រ ខណៈពេលនោះស្រាប់តែខ្សែកាបម្ខាង បានរបូតចេញពីទូកុងតឺន័រ បណ្តាលឲ្យបុរសរងគ្រោះធ្លាក់ពីលើទូផ្កាប់មុខទៅនឹងដីរងរបួសធ្ងន់ឈាមចេញតាមត្រចៀក ។
ភ្លាមនោះក៏ត្រូវបានសន្តិសុខដែលយាមនៅក្នុងបាននាំគ្នាប្រញាប់ដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលខណៈដឹកមកគ្រូពេទ្យបានប្រាប់ថា បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសពបុរសរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពតដែលជាស្រុកកំណើត ៕ សុខាសែនជ័យ