ភ្នំពេញ៖ ពស់ថ្លាន់ដ៏ធំណាស់មួយក្បាល ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ហើយពួកគាត់បានសហការគ្នាចាប់ដឹកយកទៅដល់សង្កាត់ និងប៉ុស្ដិ៍ចាក់អង្រែលើ តែអាជ្ញាធរមិនទទួល ហើយរុញឲ្យប្រជាពលរដ្ឋដឹកយកទៅសាលាខណ្ឌមានជ័យទៀត តែខាងសាលាខណ្ឌអត់មានអីដាក់ ធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹម និងបង្ខំចិត្តដឹកយកទៅកាន់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ទាំងយប់ ដោយមិនខ្លាចខាតពេលវេលា និងការធ្វើដំណើរនោះឡើយ ។
លោកពូ ប៊ុន យិម ដែលស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅភូមិសានសង ឃុំនគររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានដឹកពស់ថ្លាន់ខាងលើយកទៅស្នាក់ការនៃស្ថានីយទូរទស្សន៍ ហង្សមាស ទាំងយប់ បានប្រាប់ឲ្យដឹងថា នៅយប់ពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្ដោងរុឺម៉ក ឆ្លងកាត់ផ្លូវ៦០ម៉ែត្រ ក៏ប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល ដែលមានទំងន់ជាង៣០គីឡូក្រាម វារឆ្លងកាត់ផ្លូវ ក៏ធ្វើឲ្យរូបគាត់ឈប់រុឺម៉ក ហើយមើលនិងគៀងមកចញ្ចើមផ្លូវ ដើម្បីកុំឲ្យមានរថយន្តនិងម៉ូតូបើកកិនស្លាប់ ។ មួយសន្ទុះក្រោយ ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរឆ្លងកាត់ និងបានឈប់មើល ។
លោកពូ ប៊ុន យិម បានបន្តថា នៅពេលនោះ មានសមត្ថកិច្ចពាក់ឯកសណ្ឋានមួយរូប ជិះម៉ូតូមកមើល ហើយពឹងពាក់រូបលោក ឲ្យជួយដឹកសត្វពស់ថ្លាន់ខាងលើ យកទៅកាន់ប៉ុស្ដិ៍ចាក់អង្រែលើដែលជាប់នឹងសាលាសង្កាត់ តែពេលដឹកទៅដល់ អាជ្ញាធរមិនទទួល ហើយប្រាប់ឲ្យរូបគាត់ដឹកយកទៅសាលាខណ្ឌមានជ័យទៀត តែខាងសាលាខណ្ឌអត់មានអីដាក់ ធ្វើឲ្យអស់សង្ឃឹម និងខ្លាចជនខឹលខូចមួយចំនួនយកទៅធ្វើអ្វីផ្សេង ទើបរូបលោកបង្ខំចិត្តដឹកយកទៅកាន់ស្ថានីយទូរទស្សន៍ ហង្សមាស ទាំងយប់ ដោយមិនខ្លាចខាតពេលវេលា និងការធ្វើដំណើរនោះឡើយ ៕ ភារ៉ា ដង្កោ