ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកលឿនបុករះរថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបរក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តកុងតឺន័រ ដែលបើកចេញពីផែស្ងួតហើយបួងចង្កូតគៀរម៉ូតូមួយគ្រឿងហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួត តាមបណ្តោយអូឌឹមកប់ស្រូវ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D 4784 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន គាប់ជួនមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ក ៧៨២៤ ភព៣ បើកចេញពីផែស្ងួតឆ្លងផ្លូវបតឆ្វេងក៏បុកតែម្តង។ រថយន្តបង្កបានបួងចង្កូតមកខាងឆ្វេងកៀរម៉ូតូស្មាស់វី មួយគ្រឿងទៀត រងរបួសបុរសម្នាក់ ហើយរថយន្តបង្កបន្តទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតនៅចិញ្ចើមផ្លូវម្ខាងទៀតបណ្តាលឲ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំនិងតៃកុងរបួសស្រាលផងដែរ។

សាក្សីដដែលបន្តទៀតថា ភ្លាមនោះម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។មួយសន្ទុះក្រោយមកស្រាប់តែមានអ្នកតំណាងភាគីខាងរថយន្តបង្កចេញមុខមកដោះស្រាយ។

ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយអ្នកតំណាងខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទៅលើរថយន្តនិងម៉ូតូទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖