ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តប៉ៃលិនសម្របសម្រួលនិងដោះស្រាយករណីមេការសំណង់មិនបើកប្រាក់ខែឲ្យកម្មករជាង៦០នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តប៉ៃលិន រដ្ឋបាលខេត្ត ដឹកនាំដោយ លោក កើត សុធា អភិបាលខេត្ត លោក ធូ ភា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលខេត្ត បានសម្របសម្រួល និងដោះស្រាយដោយជោគជ័យ ចំពោះផលប្រយោជន៍របស់កម្មករសំណង់ ចំនួន ៦៥នាក់ ដែលបណ្តាលមកពីទំនាស់រវាងអ្នកម៉ៅការ និងមេការសំណង់។

លោក កើត សុធា អភិបាលខេត្តប៉ៃលិនលោកបានមានប្រសាសន៍ឲ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានថា បងប្អូនជាកម្មករសំណង់ចំនួន៦៥នាក់ត្រូវបានមេការមិនព្រមបើកប្រាក់ខែឲ្យភ្លាមលោកបានចាត់ឲ្យក្រុមការងារដែលដឹកនាំដោយ លោក ធូ ភា អភិបាលរងខេត្ត ចុះសម្របសម្រួល និងជួយរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ហើយជាលទ្ធផលនៅថ្ងៃនេះបងប្អូនជាកម្មករសំណង់ទាំងអស់គឺបានទទួលប្រាក់ខែគ្រប់ចំនួនពីមេការដោយមិនបណ្តោយឲ្យបងប្អូនណាម្នាក់បាត់បង់ផលប្រយោជន៍នោះទេ។

លោកបានមានប្រសាសន៍​បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានតេជោ សែន ជានាយករដ្ឋមន្ត្រី បានកំពុងគិតគូយ៉ាងខ្លាំង ចំពោះកម្មករ នយោជិក ទាំងក្នុងប្រទេស និងក្រៅប្រទេស ដូចជា៖ ប្រាក់ខែ​អប្បបរិមា​របស់​កម្មករ​ចំនួន ១៧០ ដុល្លារ ​ប្រាក់​សោធននិវត្តន៍​ ​របប​សន្តិសុខ​សង្គម ការថែទាំសុខភាព ក្រៅ​ពី​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បានជំរុញលោក​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​អនុវត្តន៍​តាម​ដាន​មើល​បញ្ហា​ទឹក ភ្លើង គឺ​ត្រូវ​ខិត​ខំ​បន្ត ត​ទឹក ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​លោក​បាន​គ្រប់​គ្រាន់ និងតាមដានមើលតម្លៃផ្ទះជួលដល់កម្មករកម្មការនីកុំលោកមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ជាពិសេសគឺការពារផលប្រយោជន៍របស់កម្មករ នយោជិក ជាសវាងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទោះបីតាមរូបភាពណាក៏ដោយ។

តាមការបញ្ជាក់ពីលោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានឲ្យដឹងថា៖ បញ្ហានេះកើតឡើងដោយសារទំនាស់រវាងអ្នកម៉ៅការ និងមេការសំណង់ ២ទីតាំង ទីតាំងទី១-សំណង់អាគារសាលារៀនអនុវិទ្យាល័យបរយ៉ាខា ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិននិងទី២អាគារធនាគារវឌ្ឍនស្ថិតនៅក្នុងភូមិវត្តសង្កាត់ប៉ៃលិនក្រុងប៉ៃលិនដោយមេការសំណង់មិនបានបើកប្រាក់ខែឲ្យកម្មករ គឺគេជំពាក់១ខែហើយ១ខែទៀត រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនៅតែមិនឃើញបើកប្រាក់ខែឲ្យទៀត ពួកគាត់ក៏នាំគ្នាមកតវ៉ារកអន្តរគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរកដំណោះស្រាយជូនពួកគាត់ ឥឡូវនេះត្រូវបានអភិបាលខេត្តនិងអភិបាលរងខេត្ត ដោះស្រាយជូនពួកគាត់ចំនួន៦៥នាក់រួចហើយ ៕ ស សារ៉េត


ចែករំលែក៖