ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកម៉ូតូស្លាប់បីនាក់ ប៉ូលិសនៅមិនទាន់ចាប់ជនបង្កបាននៅឡើយទេ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ថា​ ពេលនេះប៉ូលិសចរាចរណ៍ខេត្តកណ្តាល នៅពុំទាន់ចាប់ខ្លួ​នអ្នកបើកបររថយន្តម៉ាក​ LANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6977​ ឈ្មោះ​ សោម​ រតនៈ​ បាននៅឡើយទេ​ ក្រោយបង្កគ្រោះថ្នាក់ចរាចរស្លាប់មនុស្សបីនាក់នៅក្រុងតាខ្មៅ​។

ថ្មីៗនេះនគរបាលខេត្តកណ្តាល​ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យ និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ​ ចុះទៅទីស្នាក់ការភូមិទ្រាទី១​ ដើម្បីឆែករកឈ្មោះ​ សោម​ រតនៈ​ ដែលកម្លាំងបានរកឃើញតាមប្រព័ន្ធគ្រប់គ្រងយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន​ ។ ប៉ុន្តែមិនមានឈ្មោះនេះ​ ក្នុងមូលដ្ឋាននោះទេ​ ។

ប្រភពព័ត៌មានបានអះអាងថា​ សមត្ថកិច្ចនឹងចាត់បញ្ជូនមន្ត្រីជំនាញទៅ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ ដើម្បីស្រាវជ្រាវរក​អាសយដ្ឋាន​របស់ឈ្មោះ​ សោម​ រតនៈ​ ។

អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះ​បានថ្លែងថា: ជនបង្កឈ្មោះសោម​ រតនៈ​ ប្រឈមបទល្មើស​ រត់គេចពីការទទួលខុសត្រូវ តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

សូមជម្រាបថា យុវជនបីនាក់បានខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃសុក្រ ទី០៥​ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ​​។

មុនពេលកើតហេតុ មានរថយន្តស៊េរី​ទំនើបមួហគ្រឿង ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូមួយគ្រឿង ម៉ាក ហុងដា MSX ពណ៌ខ្មៅលាយស អត់ស្លាក​លេខ ។ ប៉ុន្តែមិនផុតក៏ជ្រុលបុក​ម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនបីនាក់ ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និងពីរនាក់ទៀត បានដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួន​តាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួន៕ ឆ ដា


ចែករំលែក៖