ផែនដីឡើងកម្តៅខ្លាំង ជាហេតុបង្កឲ្យមានទឹកជំនន់ជាទ្រង់ទ្រាយធំ និងខ្យល់ ព្យុះសង្ឃរាកើតឡើង រួមទាំងគ្រោះរាំងស្ងួតនៅគ្រប់ទិសទីជុំវិញពិភពលោក គំរាម កំហែងដល់ជីវិតរស់នៅរបស់ពលរដ្ឋ ។
តាមការលើកឡើងរបស់ ក្រុមស្រាវ ជ្រាវនៃវិទ្យាស្ថាន Potsdam បានឲ្យដឹងថា ក្នុងអំឡុងពេល២០ឆ្នាំទៅមុខទៀត គ្រោះ មហន្តរាយទឹកជំនន់ នឹងកើនឡើងកាន់ តែច្រើន និងកាន់តែធ្ងន់ធ្ងរ។ មនុស្សរាប់ រយលាននាក់ នៅទូទាំងពិភពលោក ដែលរស់នៅតាមទីទំនាប នឹងប្រឈមមុខ កាន់តែខ្លាំង។ ការកើនឡើងនៃព្យុះទឹក ភ្លៀងនេះ គឺបណ្តាលមកពីការកើនឡើងនូវ សីតុណ្ហភាពជុំវិញភពផែនដីយើង។
ងាយយល់ទេ កាលពីផែនដីឡើងម្ដៅ ខ្លាំង ចំហាយទឹកសមុទ្រនឹងកាន់តែមាន ច្រើន បង្កជាដុំពពកក្រាស់ វិលវល់បង្កើត ឲ្យមានព្យុះ និងភ្លៀងកាន់តែច្រើនទៅ។ គឺកម្រិតទឹកភ្លៀងធ្លាក់យ៉ាងគំហុក ក្នុងពេល ដ៏ខ្លីនេះហើយ ដែលនឹងបង្ក ជាគ្រោះ ទឹកជំនន់ បាក់ដី បាក់ទំនប់ជាដើម ។ល។ វិទ្យាស្ថានស្រាវជ្រាវ Potsdam (Potsdam Institute for Climate Impact Research) បានសន្និដ្ឋានថា ស្ថានភាពនេះ នឹងគំរាម កំហែងជីវិតមនុស្សរាប់រាយលាននាក់ នៅ ទូទាំងពិភពលោក។
នៅអាស៊ី ដែលបច្ចុប្បន្នមានប្រជាជនប្រមាណ៧០លាននាក់ ដែលប្រឈមមុខខ្លាំងនឹងគ្រោះទឹកជំនន់នេះ នឹងត្រូវកើន ឡើងរហូតដល់១៥៦លាននាក់។ ប្រទេស ដែលប្រឈមមុខ និងអាចមានអ្នករងគ្រោះ ច្រើនជាងគេ គឺចិន ឥណ្ឌា និងឥណ្ឌូនេស៊ី ពោលគឺសុទ្ធតែជាប្រទេសសម្បូរប្រជាជនច្រើនជាងគេនៅអាស៊ី។
នៅទ្វីបអាមេរិកភាគខាងត្បូង ចំនួនអ្នក រងគ្រោះ នឹងកើនឡើង មួយគុណជាពីរ ពោលគឺស្មើនឹង ១២លាននាក់។ ចំណែក នៅអាហ្វ្រិកវិញ ប្រជាជនដែលនឹងរង គ្រោះដោយសារទឹកជំនន់ នឹងកើនឡើងពី ២៥លាន ទៅ៣៤លាននាក់ ក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត។
មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍នេះ បានបញ្ជាក់ថា ចំនួនជនរងគ្រោះ ដែលគេ ប៉ាន់ប្រមាណនេះ អាចនឹងទាបជាងពី ការណ៍ពិតជាក់ស្តែងផង ព្រោះក្នុងការ សន្និដ្ឋាន គេមិនបានគិតគូរទៅដល់ ការកើនឡើងនូវចំនួនប្រជាជនពីពេលនេះដល់២០ឆ្នាំទៀតទេ ហើយក៏មិនបានគិតទៅដល់ ពីការកើនឡើងនូវចំនួនប្រជាជនដែលរស់នៅតាមតំបន់ងាយរងគ្រោះទឹកលិចដែរ។
សម្រាប់ទ្វីបអឺរ៉ុប និងទ្វីបអាមេរិកភាគ ខាងជើងវិញ ថ្វីបើមិនប្រឈមមុខខ្លាំង នឹងបញ្ហានេះ តែក៏ត្រូវតែចាប់ផ្តើមពិចារណា ចំណាយប្រាក់ ដើម្បីវិនិយោគ កែលំអ ប្រព័ន្ធធារាសាស្ត្រ ឬទំនប់ជាដើម។ តួ យ៉ាង សហរដ្ឋអាមេរិក ត្រូវតែធ្វើការកែលំអ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទឹក និងប្រពន្ធ ស្តុកទឹក យ៉ាងហោចណាស់ ពាក់កណ្តាល ដែរក្នុងរយៈពេល២០ឆ្នាំទៀតនេះ ដើម្បី ត្រៀមខ្លួន ជាមួយជំនន់ទឹកភ្លៀង។
គួរកត់សម្គាល់ថា ថ្វីបើគ្រោះមហន្តរាយ ទឹកជំនន់ មិនសូវត្រូវមតិទូទៅយល់ថា សាហាវខ្លាំង ដូចគ្រោះខ្យល់ព្យុះក៏ដោយ តែធាតុពិត គ្រោះទឹកជំនន់ បានបង្កផល វិបាក និងធ្វើឲ្យមនុស្សរងគ្រោះធ្ងន់ធ្ងរ ណាស់។ កាលពីឆ្នាំ២០១៧ ទឹកជំនន់នៅ ប្រទេសប៉េរូ បានផ្តាច់ជីវិតមនុស្ស៦៧ នាក់។ នៅអាស៊ីអាគ្នេយ៍យើងវិញ ឆ្នាំ ២០១៧ ជាឆ្នាំ ដែលធ្ងន់ធ្ងរបំផុត ទឹកជំនន់ បណ្តាលមកពីខ្យល់មូសុង បានសម្លាប់ ជីវិតមនុស្ស ប្រមាណ១.៤០០នាក់។
ទឹកសមុទ្រកើនឡើងបានគំរាមកំហែង ពន្លិចប្រទេសនិងទីក្រុងជាច្រើន បាត់ ចេញពីផែនទីពិភពលោក នៅក្នុងសត វត្សរ៍ទី២១នេះ ប្រសិនបើមនុស្សមិនមាន វិធានការទប់ស្កាត់ទាន់ពេលវេលា នៅ តែអនុវត្ត នយោបាយអាតា្មនិយម មិនខ្វល់ ពីបម្រែ បម្រួលអាកាសធាតុដូច អាមេរិក ដែល បានដកខ្លួនចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីសជាដើម។
អង្គការណាសាបានប្រកាសថា បណ្តាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា ប្រឈមនឹងការបាត់បង់ មុន គេ។ បណ្តាកោះ ប្រទេសដូចជា Maldives និង Tuvalu នឹងគ្មានមនុស្សរស់នៅទៀតឡើយនៅឆ្នាំ២០៥០។ចំណែកកោះ Kribati នឹងស្ថិតនៅក្រោមទឹកសមុទ្រ នៅ ឆ្នាំ២១០០។
ក្រៅពីកោះទាំងនោះ នៅមានទីក្រុង ជាច្រើនទៀត ត្រូវទឹកសមុទ្រជន់លិច ក្លាយជាទីក្រុងបាតសមុទ្រវិញ។ អង្គការ ណាសា បានប្រកាសថា នៅឆ្នាំ២១០០ ទឹកសមុទ្រនឹងឡើងកម្ពស់ជាង ២ម៉ែត្រ ដោយសារតែភ្នំទឹកកកនៅប៉ូលខាងជើងផែនដីរលាយជាបន្តបន្ទាប់។
ជាមួយនឹងកម្ពស់ទឹកសមុទ្រកើនឡើងនោះ ទីក្រុងមួយចំនួននៅអឺរ៉ុប ដូចជា Venice , Amsterdam ឬ Hamberg នឹងត្រូវបាត់ បង់ ដោយទឹកសមុទ្រគ្របដណ្តប់។ ដោយ ឡែកនៅអាស៊ាន ទីក្រុងបាងកកប្រទេស ថៃ ក៏ប្រឈមនឹងការលិចផងដែរដោយស្ថិតនៅតំបន់ទាប។
ក្រៅពីគ្រោះទឹកជំនន់ ផ្ទៃដីដែលនៅ សេសសល់ រហូតដល់១ភាគ៤នឹងជួបគ្រោះរាំងស្ងួតយ៉ាងខ្លាំង ក្លាយទៅជាវាល រហោឋាន បើទោះបីប្រទេសទាំងអស់លើ ពិភពលោក អាចសម្រេចកាត់បន្ថយការប្រែប្រួលអាកាសធាតុ២អង្សា នៅឆ្នាំ ២០២០ក៏ដោយ។ នេះបើយោងតាមការ សិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយនៅ ថ្ងៃអង្គារទី២ ខែធ្នូ ដោយទស្សនាវដ្តី Nature Climate Change ។
ការសិក្សារបស់ Nature Climate Change ដែលប្រមូលផ្តុំដោយអ្នកជំនាញខាងប្រែប្រួលអាកាសធាតុ បង្ហាញថា ពិភពលោក នឹងបន្តប្រឈមខ្លាំង នឹងបម្រែបម្រួល អាកាសធាតុ។ បានសេចក្តីថា ប្រសិនបើ ប្រទេសទាំងអស់ នាំគ្នាសម្រេចកាត់បន្ថយកម្តៅផែនដី ឲ្យបានចំនួនត្រឹម២អង្សាសេ ស្របតាមគោលបំណងនៃកិច្ចព្រមព្រៀមអាកាសធាតុក្រុងប៉ារីស ក៏ដោយ ក៏ផែនដី នៅតែរងគ្រោះក្តៅស្ងួត ១ភាគ៤នៃផ្ទៃ ក្រឡាដែរ។
ក៏ប៉ុន្តែករណី ប្រសិនបើគេអាចសម្រេចកាត់បន្ថយកម្តៅឲ្យសល់តិចជាង ១,៥ អង្សាសេ នោះភាពក្តៅស្ងួតហួតហែង នឹង អាចកាត់បន្ថយបាន ទៅជិតពាក់កណ្តាល ផែនដី តែក៏នៅតែមានបញ្ហាកម្តៅដែរ។ នេះបើយោងតាមការសិក្សារបស់ក្រុមអ្នកជំនាញដដែល។ ទោះយ៉ាងនេះក្តី ការកាត់ បន្ថយកម្តៅនេះ គឺ លំបាកនឹងសម្រេច បានខ្លាំងណាស់ពីព្រោះថា សព្វថ្ងៃ កំណើន កម្តៅភពផែនដី គឺច្រើនជាង៣អង្សាសេ ទៅហើយ។
តាមរបាយការណ៍ដដែលបានសរសេរ ទៀតថា តំបន់ដែលអាចនឹងរងគ្រោះក្តៅស្ងួតខ្លាំង គឺមាននៅភាគខាងត្បូងអឺរ៉ុប ប៉ែកខាងត្បូងអាហ្វ្រិក អាមេរិកកណ្តាល ឆ្នេរអូស្ត្រាលី និង អាស៊ីអាគ្នេយ៍ ដែលរាប់ បញ្ចូលទាំងកម្ពុជាផង។ ការស្ងួតខ្លាំង គឺនាំឲ្យក្តៅខ្លាំងហួតហែង និងនាំឲ្យមាន ភ្លើងឆេះព្រៃជាដើម។ នេះជាការអះអាង របស់លោក Su Jong Jeong អ្នកជំនាញ ម្នាក់នៅក្នុងចំណោមអ្នកសរសេររបាយ ការណ៍ខាងលើ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកទេស Shenzhen នៅប្រទេសចិន។
សូមជម្រាបថា កិច្ចព្រមព្រៀមស្តីពី អាកាសធាតុ ក្រុងប៉ារីស រដ្ឋជាច្រើន បាន ចុះហត្ថលេខាបេជ្ញាចិត្ត សម្រេចឲ្យ បានការកាត់បន្ថយបម្រែបម្រួលអាកាសធាតុផែនដី ពី១កន្លះ ទៅ២អង្សាសេ នៅ ឆ្នាំ ២០២០។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក ក្រោម ការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ព្រោះខ្លាចបាត់ប្រយោជន៍សេដ្ឋកិច្ចអាមេរិក៕ ម៉ែវ សាធី