ព័ត៌មានទាន់ហេតុការណ៍៖

បុរសដឹកទឹកលក់តាមផ្ទះម្នាក់ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស​ម្នាក់​ត្រូវរថយន្តបុកស្លាប់ ក្នុងខណៈជនរងគ្រោះបានបើក​ម៉ូតូ​អូស​រទេះ​ដឹក​ទឹក​ បត់​ឆ្លង​ផ្លូវ​ពីស្តាំទៅឆ្វេង។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាច​ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨​ វេលាម៉ោង​ ៥:00នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ១៨៩-១៨០​ ស្ថិត​នៅ​ក្នុង​ភូមិ​វាលមាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​ រវាង​​ រថយន្ត​១គ្រឿង​ម៉ាក​ SSANGYONG ពណ៌ ស្លែ​ គ្មានស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ ផាន់​ ណា​ហ្វី​ ភេទ​ ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​អ្នកបើកបរ​រថយន្ត​ មានទីលំនៅ​ភូមិ​ចុង​ខ្សាច់​ ឃុំ​ទួលទទឹង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ ដល់ចំណុចខាងលើ​ បាន​បុក​ម៉ូតូ​ ០១គ្រឿង​ដែល​បត់​ឆ្លងកាត់​ផ្លូវ​ ពីស្តាំទៅឆ្វេង ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ ​1G-8833 អូសរទេះ​​ បើកបរ​ដោយ​ឈ្មោះ​ ព្រំ​ ណាត​ ភេទ​ ប្រុស​ អាយុ​ ៤៥ឆ្នាំ​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ។

អ្នកបើករថយន្ត​ឈ្មោះ​ ផាន់​ ណា​ហ្វី​ បាន​នាំ​ខ្លួន​មក​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ ដើម្បីសាកសួរ​តាម​នីតិវិធី​ ។

រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​៕ ឆ្លាម សមុទ្រ


ចែករំលែក៖