មន្ត្រីគយនិងភ្នាក់ងារគយនៅខេត្តតាកែវមួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជាបន្ទាន់។ ដោយហេតុថា មួយរយៈកន្លងទៅមានឈ្មួញដឹកទំនិញតាមទូកប៉ុកចាយ ធំៗចំណុះរាប់សិបតោនពីប្រទេសវៀតណាមចូលស្រុកខ្មែរតាមច្រកព្រំដែនទឹក ព្រែក បាក់ដៃ ហើយទំនិញទាំងនោះត្រូវបានគេដឹងថា ជាទំនិញគេចពន្ធទំនិញបង់ពន្ធមិន គ្រប់និងមានទំនិញខុសច្បាប់ផងដែរ។ ការណ៍ដែលលោក នាង សុខុម មេគយច្រក បាក់ដៃហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តត្រូវបានគេដឹងថា មានការឃុបឃិតបើកដៃពី សំណាក់លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវដែលជាចៅហ្វាយនាយ ។
បើតាមប្រភពពីមន្ត្រីនៅច្រកបាក់ដៃមួយចំនួនបានឲ្យដឹងថា លោក នាង សុខុម ប្រធានការិយាល័យគយច្រកបាក់ដៃកំពុងតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ លោក នាង សុខុម មិនដែលបង្ក្រាបបទល្មើសម្តងណាទេ។ ក្នុងមួយថ្ងៃៗមានទូកប៉ុកចាយចំណុះរាប់សិបតោននាំចូលទំនិញតាមច្រកបាក់ដៃ ហើយទំនិញទាំងនោះមានដូចជា ប្រេងសាំង គ្រឿងទេស ទំនិញចាប់ហួយ គ្រឿងកំប៉ុង ម្សៅមី គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់ម៉ូតូ គ្រឿងសំណង់ ដែក ត្រី និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀត។ ភាគច្រើនទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះត្រូវបង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក នាង សុខុម យ៉ាងរលូន ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចបានឲ្យដឹងថា សម្រាប់ពួកគាត់ដែលរកស៊ីនាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវកំពុងប្រឈមនឹងការគាបសង្កត់ពីសំណាក់លោក នាង សុខុម និងបក្ខពួកកាន់តែខ្លាំងឡើងៗដោយពុំមានការយោគយល់នោះទេ។ ចំណែកឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់បែរជាមានការសម្របសម្រួលឃុបឃិតពីសំណាក់លោក នាង សុខុម និងបក្ខពួកយ៉ាងរលូន។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំមិនគួរបណ្ដែត បណ្ដោយឲ្យលោក នាង សុខុម និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ ៕