រដ្ឋធានីបេ៉កាំង៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង ទើបតែបានបញ្ចប់ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសកម្ពុជាក្រសួងការបរទេសចិនបានរៀបរាប់ពីសារសំខាន់នៃដំណើរទស្សន កិច្ចដ៏សំខាន់នេះនាឱកាសគម្រប់ខួប៦០ ឆ្នាំនៃការបង្កើតចំណងការទូតរវាងចិននឹង កម្ពុជា។ នេះបើតាមការដកស្រង់ខ្លឹមសារ ចេញពីការធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់ក្រសួងការបរទេសចិន និងចេញផ្សាយ ដោយវេបសាយក្រសួងការបរទេសចិន នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងថា ដំណើរ ទស្សនកិច្ចរបស់លោក លី ខឺឈាំង ទៅ កាន់កម្ពុជាដែលបានប្រព្រឹត្តទៅនាដើមឆ្នាំថ្មីនេះតែម្តងនោះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់មេដឹកនាំចិនក្នុងឆ្នាំ២០១៨នេះ។ ប្រការនេះបានបង្ហាញឲ្យឃើញពីទំហំដ៏ធំធេងនៃសារសំខាន់ដែលទីក្រុងប៉េកាំងផ្សារភ្ជាប់ទៅក្នុងទំនាក់ទំនង រវាងចិន-កម្ពុជា ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី លី ខឺឈាំង បានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ នា ឱកាសនោះភាគីទាំងពីរបានថ្លែងកោត សរសើរជាខ្លាំងចំពោះចំណងមិត្តភាពក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងចិននឹងកម្ពុជា នៅក្នុងអំឡុងពេល៦ទសវត្សរ៍កន្លងទៅគិតតាំងពីការបង្កើតចំណងទំនាក់ទំនងការ ទូតនៃប្រទេសទាំង២ ហើយរដ្ឋាភិបាលទាំង ២ក៏បានព្រមព្រៀងគ្នាបន្តកសាងសមិទ្ធ ផលបន្ថែមទៀត ព្រមទាំងចាប់ផ្តើមអនាគត ថ្មីក៏ដូចជាសហការគ្នាបង្កើតសហគមន៍ យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា ផងដែរ ។
ភាគីទាំង២នឹងបន្តរក្សាការផ្លាស់ប្តូរ កម្រិតខ្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រជាញឹកញាប់ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗ។ យើងនឹងបន្តគាំទ្រប្រជាជន កម្ពុជានៅក្នុងការជ្រើសរើសផ្លូវសម្រាប់ អភិវឌ្ឍន៍ដែលសមស្របទៅនឹងភាពជាក់ស្តែងរបស់ពួកគេ និងផ្តល់ជំនួយដល់ភាគីកម្ពុជាដើម្បីរក្សាឲ្យបានស្ថិរភាព ការសម្រេច បានការអភិវឌ្ឍ និងការបង្កើនជីវភាពរស់នៅរបស់ប្រជាជនទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន ។
យើងនឹងលើកកម្ពស់ការផ្លាស់ប្តូររវាង ប្រជាជននឹងប្រជាជនដើម្បីលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋចិនធ្វើដំណើរមកកម្ពុជា ហើយថែមទាំងបង្កើតឱកាសបន្ថែមសម្រាប់យុវជននៃប្រទេសទាំង២សិក្សាឈ្វេងយល់ពីគ្នា និងបង្កើតអ្នកស្នងតំណែងបន្តសម្រាប់ ជំរុញទំនាក់ទំនងចិន និងកម្ពុជាផងដែរ។ ភាគីទាំង២ក៏នឹងបង្កើនការសម្រលសម្រួល ពហុភាគីលើកកម្ពស់ផលប្រយោជន៍ប្រទេស កំពុងអភិវឌ្ឍន៍ និងបង្កើនការឧបត្ថម្ភឲ្យ បានលើសលប់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់រួមទាំងពិភពលោកទាំងមូល ។
អំឡុងពេលដំណើរទស្សនកិច្ចលោក នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និងនាយក រដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ ឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន១៩, បំពេញទស្សនកិច្ចនៅក្នុងពិព័រណ៍ រូបភាពរំលឹកខួបលើកទី៦០ឆ្នាំនៃទំនាក់ ទំនងការទូតចិន-កម្ពុជា, ចូលរួមពិធីបើក សម្ពោធ «កម្មវិធីដំណើរកម្សាន្តបេះដូងនៃក្តីស្រឡាញ់» ដែលឧបត្ថម្ភគាំទ្រដោយ ប្រទេសចិន និងសម្ពោធគម្រោងមន្ទីរពេទ្យមិត្តភាពព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូង ឃ្មុំក្រោមជំនួយពីចិន ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាំង ត្រូវបានធ្វើឡើងនាឱកាសប្រារព្ធខួប៦០ឆ្នាំនៃការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងចិននឹងកម្ពុជា។ រយៈពេល៦ទសវត្សរ៍នេះពិតជាបានក្លាយជាសាក្សីដល់មិត្តភាពចិន-កម្ពុជា និងភាគ ជោគជ័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយនឹងលទ្ធផលនៃការបំពេញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ដែលត្រូវបានបោះជំហានម្តង មួយៗក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំ ទូលាយរវាងចិននឹងកម្ពុជាត្រូវបានគេរំពឹងថានឹងសម្រេចបានការអភិវឌ្ឍដ៏ធំធេង បន្ថែមទៀត ៕ ហេង សូរិយា