ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សិស្ស ប៊ែលធីចំនួន ៨នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានចំណាយពេល ៧ថ្ងៃ ក្នុងការចូលរួមកម្មវិធី សិក្ខាសាលា គ្រូបង្រៀន អាស៊ានបូក៣ លើកទី៩ និងការបោះជំរំសិស្សស្នាដៃពិសេសផ្នែកវិទ្យាសាស្ត្រ(9th ASEAN Plus Three Teacher Workshop and Student Camp for the Gifted in Science) នៅប្រទេសកូរ៉េខាងត្បូងប្រកបដោយជោគជ័យ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជន ៨១នាក់ មកពីប្រទេស កម្ពុជា កូរ៉េ ចិន ឥណ្ឌូណេស៊ី ឡាវ ហ្វ៊ីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។
ក្នុងឱកាសនោះដែរ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅ នៃសាលា ប៊ែលធី អន្តរជាតិបានឲ្យដឹងថា៖ដោយសារសាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម(STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ ទើប ក្រសួង អប់រំ យុវជន និងកីឡា មានទំនុកចិត្ត និងបានផ្តល់ឱកាសដល់សាលា ប៊ែលធី អន្តរជាតិឲ្យបញ្ជូនសិស្សចំនួន ៨នាក់ ទៅចូលរួមកម្មវិធីសិក្ខាសាលា គ្រូបង្រៀន អាស៊ានបូក៣ លើកទី៩ និងការបោះជំរំសិស្សស្នាដៃពិសេសផ្នែកវិទ្យាសាស្ត្រលើកទី៩។ ក្នុងកម្មវិធីនេះ បានបង្កលក្ខណៈឲ្យសិស្សដែលចូលរួមទាំងអស់ បានជជែកពិភាក្សាគ្នាជាក្រុម ដើម្បីស្រាវជ្រាវបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និង ចែករំលែកទៅក្រុមដ៏ទៃ ឬជាតិសាសន៍ដ៏ទៃ ដែលធ្វើឲ្យប្អូនទទួលបានចំណេះដឹងបន្ថែមជាច្រើន មានសាមគ្គីភាព និងបង្កើតមិត្តភាពនៅក្នុងចំណោមសិស្សអាស៊ានបូក៣ទាំងអស់។ ហើយយកចំណេះដឹងនិងបទពិសោធន៍ទាំងនេះ មកចែករំលែកដល់សិស្សដែលកំពុងសិក្សានៅសាលាផងដែរ។ ហើយជាលទ្ធផល សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិបានទទួលមេដាយមាស ចំនួន១ ប្រាក់ ចំនួន៣ និងសំរិទ្ធ ចំនួន៤។
បន្ទាប់មកសិស្សឈ្មោះ ឡូវ មុយងី ថ្នាក់ទី១១ សាខាទី៣ បានលើកឡើងថា ក្នុងកម្មវិធីនេះ ប្អូនបានទទួលនូវចំណេះដឹង និងការអនុវត្តជាក់ស្តែងជាច្រើន ផ្នែកវិទ្យាសាស្ត្រ ជាមួយសិស្សទាំង ១0ប្រទេស តាមរយៈការធ្វើបទបង្ហាញអំពីស្ថាបត្យកម្មនៅក្នុងប្រទេសនីមួយៗ ការសិក្សាស្វែងយល់ពី រលកសំលេង ការធ្វើម្ហូបអាហារស្តង់ដាកូរ៉េ ការសាងសង់ផ្ទះបែបប្រពៃណី និងបែបទំនើប មិនប៉ះពាល់ដល់បរិស្ថាន ការផលិតសាប៊ូធម្មជាតិ ដែលជំនួយដល់ស្បែក និងការពិសោធន៍ពិនិត្យរកសារធាតុគីមីក្នុងផ្លែឈើជាដើម ដែលការសិក្សាស្វែងយល់ទាំងនោះ សុទ្ធតែត្រូវបានធ្វើបទបង្ហាញដោយគ្រូជនជាតិកូរ៉េ និងភាគច្រើនឲ្យសិស្សប្រើប្រាស់សម្ភារពិសោធន៍ ដើម្បីអនុវត្តជាក់ស្តែង។
ជាមួយគ្នានោះ សិស្សឈ្មោះ ធាង គឹមធាន ថ្នាក់ទី១១ សាខាទី៩ បាននិយាយឲ្យដឹងថា ប្អូនមានអារម្មណ៍ថាវាថ្មីសម្រាប់ប្អូន ដែលមានឱកាសចូលរួម និងបានធ្វើបទបង្ហាញ អនុវត្តជាក់ស្តែងលើទ្រឹស្តី បង្កើតការច្នៃប្រឌិតផលិតសម្ភារៈ និងបានចុះទស្សនកិច្ចសិក្សានៅតាមទីកន្លែងជាក់ស្តែង ទៅកំសាន្តរមណីដ្ឋានសំខាន់ៗ ដូចជា៖ សារៈមន្ទីរជាតិក្រុងសេអ៊ូល ដែលគេអាចសិក្សាអំពីវត្ថុបុរាណ និងវប្បធម៌របស់ជនជាតិកូរ៉េ។ ក្រុមហ៊ុនសាំស៊ុង ផលិតនូវសម្ភារបច្ចេកវិទ្យាជាច្រើនប្រភេទ ដែលជាក្រុមហ៊ុនដ៏ធំមួយ តាំងពីឆ្នាំ១៩៦៩។ សួនកម្សាន្តអេវ័រលែន ដែលជាកន្លែងលេងកម្សាន្តគួរឲ្យចាប់អារម្មណ៍ជាច្រើន និងបានទៅលេងអគារពាណិជកម្មឡូតែថោវ័រ ដែលជាអគារខ្ពស់ជាងគេទី៥ លើពិភពលោក វាជាស្ថាបត្យកម្មដ៏ប្រណិតនៅប្រទេសកូរ៉េ។ ជាចុងក្រោយប្អូនបានគោរពថ្លែងអំណរគុណដល់សាលាប៊ែលធីអន្តរជាតិ ក៏ដូចជាលោក លី ឆេង ដែលបានផ្តល់ឱកាសឲ្យពួកគេបានចូលរួមកម្មវិធីដ៏មានន័យនេះ៕ ស រស្មី