ខេត្តឧត្តរមានជ័យ៖ មានសារបែកធ្លាយមកថា លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ អន្លង់វែង និងបក្ខពួកប្រមាណជិត១០នាក់ បានទៅធ្វើសកម្មភាព ទារប្រាក់ពីម្ចាស់គ្រឿងចក្រកាយព្រៃ សំអាតដីចំការ របស់ប្រជាពលរដ្ឋ ចំនួនមួយពាន់ប្រាំរយដុល្លារ(១.៥០០ដុល្លារ) ជាថ្នូរមិនចាប់ចង និងទុកឱកាសឲ្យធ្វើសកម្មភាពបន្តទៀត។
ករណីនេះបែកធ្លាយ កាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំ ចំណុចដើមត្រាងក្នុងភូមិ សាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកស្រី មូល ណេន ជាមេភូមិសាមគ្គី បានឲ្យដឹងថា ពិតជាមានករណីគំរាមកំហែងជំរិតទារប្រាក់(១.៥០០ដុល្លារ)ពីសំណាក់លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ និងបក្ខពួក ក្នុងការគំរាមកំហែង ពិតប្រាកដមែន ដោយជាថ្នូរមិនចាប់ចង និងរឹបអូសយកគ្រឿងចក្រ។
អ្នកស្រីបានបន្តរថា ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ មានដីស្រែចំការអាស្រ័យផលបន្តិចបន្តួច ក្នុងមួយគ្រួរសារ មួយហិកតាកន្លះ និងអ្នកខ្លះមានពីរហិកតា ហើយមានដីខ្លះ វានៅជិតជើងភ្នំ វាតែងតែប៉ះពាល់ព្រៃឈើបន្តិចបន្តួច វាមិនអត់ទេ ដោយពួកគាត់ ចងការប្រាក់ពីធានាគារ យកមកសម្អាតដីកសិកម្ម ទុកបង្កបង្កើនផលដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសារ កុំឲ្យមានចំណាកស្រុក បែរជាខាងសមត្ថកិច្ចមួយចំនួន ពាក់ស្បែករដ្ឋាភិបាលមកធ្វើបាបប្រជាពលរដ្ឋ រារាំងមិនឲ្យគ្រឿងចក្រចូលសម្អាតចម្ការ ប្រជាពលរដ្ឋ ក៏ដូចជាមេភូមិ សូមអំពាវនាវដល់ថ្នាក់ដឹកនាំជួយសម្រួលដល់ពលរដ្ឋផង។
ប្រភពបានបន្តថាសកម្មភាពជំរិតទារប្រាក់ពីស្ថាប័នផ្សេងៗ ពីជនខិលខូចមួយចំនួន ទៅលើគ្រឿងចក្រសម្អាតចម្ការនៅតំបន់ខាងលើ បានកើតមានជាហូរហែ មិនមែនតែមួយករណីនេះទេ ហើយក៏មានអ្នករងគ្រោះជាបន្តបន្ទាប់ផងដែរ។
លោក គង់ សារ៉េត នាយសង្កាត់រដ្ឋាលព្រៃឈើបានបដិសេធន៍ទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ ។ តែមានបក្ខពួកដែលចូលរួមសហការទៅជាមួយគ្នា បានសារភាពថា ពិតជាបានទទួលប្រាក់ ពីម្ចាស់គ្រឿងចក្រចំនួន មួយពាន់ប្រាំរយដុល្លារ(១.៥០០ដុល្លារ) យកមកចែកគ្នាពិតប្រាកដមែន ៕ ប៉ែន នួន