ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីភាគីទាំងសងខាងបើកម៉ូតូបញ្ច្រាសទិសគ្នា ហើយបុកគ្នាពេញមួយទំហឹងទាំងកណ្តាលអធ្រាត្រ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថិច្ចសង្ស័យថា ភាគីទាំងសងខាងទំនងជាស្រវឹងស្រាទើបបើកម៉ូតូបុកគ្នាចំពីមុខបែបនេះ។
ហេតុការណ៍អាក្រក់នេះកើតឡើងកាលពីថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២៣និង១៥នាទី នៅលើផ្លូវ១៤៤០ ចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបានប្រាប់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E.4228 អ្នកបើកបរឈ្មោះ ផ្លុង ទ្រីភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឌុបមនុស្ស២នាក់ ឈ្មោះ ផុន ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ សាន រស់ ភេទប្រុស អាយុ២៧ឆ្នាំ ទាំង៣នាក់ រស់នៅភូមិ ឃុំជាមួយគ្នា។
ប្រភពបន្តថា ជនរងគ្រោះទាំង៣នាក់ បើកបរពីទិសខាងត្បូងទៅជើង មកដលចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ ១២៥ សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F.7056 អ្នកបើកបរឈ្មោះ សន សុខសាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងធ្វើកំណត់ហេតុ វាស់វែងហើយបានប្រគល់ សពជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរ ពេទ្យសុខណា កំពង់ស្ពឺដើម្បីជួយសង្រ្គោះ។
ភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចបណ្តាលមកពីស្រវឹងរៀងៗខ្លួន ទើបបើកម៉ូតូមើលមិនឃើញគ្នា ហើយបុកចំពីមុខបែបនេះ។
សមត្ថកិច្ចពិនិត្យឃើញថា អ្នកបើកបរម៉ូតូមានពាក់មួកសុវត្ថិភាព និងកញ្ចក់មើលក្រោយទាំង២គ្រឿង ដូចគ្នា ចំណែកម៉ូតូទាំង២គ្រឿងខូចខាត កំរិតធ្ងន់។ ចំពោះវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសំរោងទង រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមនីតិវិធី ៕ សេនាស័ក្តិ