ភ្នំពេញ ៖ ចម្ងល់ប្រជាជនតែងតែនាំគ្នានិយាយលេងពីមាត់មួយទៅមាត់មួយថា មជ្ឈមណ្ឌលកម្សាន្ត រ៉ុក មិនដឹងជាខ្នង ខ្សែប៉ុណ្ណាទេលោកអើយ បានជាគ្មានអ្នកណាហ៊ានប៉ះនោះឡើយ បើកទោះជាមានការបាញ់បោះសេរី កាប់ចាក់គ្នា វ៉ៃតប់ ពេលខ្លះបណ្ដោលឲ្យមានអ្នកប្រើប្រាស់ថ្នាំញៀនរហូតហួសកម្រិតបណ្ដាលឲ្យមនុស្សស្លាប់ទៀតផង ប៉ុន្តែអ្វីដែរប្រជាពលរដ្ឋឆ្ងល់នោះគឺរឿងមិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចូលទៅផ្អាកអាជីវកម្ម ចាប់ជនល្មើសណាម្នាក់ដែលតែងតែបង្កហឹង្សាដាក់គ្នា ប៉ុន្តែបើកសិនជាហាងផឹកស៊ីផ្សេងវិញ ឲ្យតែហ៊ានវ៉ៃគ្នាបន្តិចបន្តួចច្បាស់ជាអាជ្ញាធរចុះបិទភ្លាមៗមិនបានមួយនាទីផង ។
គួរបញ្ជាក់ផងដែរថា កន្លងមកគេឃើញថ្មីៗនេះករណីបាញ់បណ្ដាលឲ្យមនុស្សរងរបួសហើយជនសង្ស័យរត់គេចខ្លួនបាត់អស់ មិនដែលឃើញអាជ្ញាធរ សមត្ថកិច្ចចុះបង្រ្កាបបានភ្លាមៗនោះទេឬក៏ចុះបិទទីតាំងខាងលើនេះឡើយ សូម្បីដើរទៅក្បែរមាត់ទ្វារក៏មិនហ៊ានចូលផង ។
ជាក់ស្តែង កាលពីវេលាម៉ោង០៩និង៤៥នាទីព្រឹក ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងមណ្ឌលកំសាន្ត ROCK (រ៉ក់) ដែលមានទីតាំងនៅតាមតាមបណ្ដោយផ្លូវព្រះមុននីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គេឃើញយុវជនម្នាក់មានស្នាមរងរបួស និងឈាមហូរស្រោចពេញខ្លួន ទាំងមិនមានពាក់អាវនោះ បានរត់ចេញពីក្នុងបន្ទប់មកខាងក្រៅ ROCK រកគេឯងឱ្យជួយអន្តរាគមន៍ ខណៈមានគូជម្លោះរបស់ខ្លួនមានគ្នាប្រមាណជាចំនួនជាង១០នាក់ នាំគ្នាដេញវាយគ្នាដូចខ្សែរភាពយន្តហុងកុងចឹង ធ្វើឱ្យឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ចជាច្រើនចុះមកធ្វើអន្តរាគមន៍ ប៉ុន្តែនៅតែមិនអាចចាប់ក្រុមជនដៃដល់បានដដែរ ។
យោងតាមសម្តីនារីវ័យក្មេងម្នាក់ដែលអង្គុយលេងនៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាង និងមិត្តភក្តិស្រីម្នាក់ទៀតកំពុងតែនិយាយគ្នាលេងនៅបរិវេណខាងក្រៅ ក៏ស្រាប់តែបានឃើញក្រុមមនុស្សប្រមាណជាង១០នាក់ឯណ្ណោះ បាននាំគ្នាព្រួតដេញវាយទៅលើយុវជនជាជនរងគ្រោះតែម្នាក់ឯង ប៉ុន្តែមិនបានដឹងថាពួកគេមានទំនាស់រឿងអ្វីនោះទេ ។
ដោយឡែកមន្ត្រីសមត្ថកិច្ច ក៏បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបាននាំនារីវ័យក្មេងជាស្រីស្នេហ៍ម្នាក់ រួមជាមួយនិងនារីម្នាក់ទៀត (សរុបគ្នា៣នាក់) បាននាំគ្នាចូលទៅផឹកស៊ីកម្សាន្តនៅក្នុងមណ្ឌលកម្សាន្ត ROCK ។ ពេលដែលពួកគេបាននាំគ្នាចូលទៅផឹកស៊ីលេងកម្សាន្តនៅខាងក្នុង ROCK នោះ ក៏មានក្រុមយុវជនមួយក្រុមទៀតមានគ្នាប្រហែលជាង១០នាក់ បាននាំគ្នានិយាយឡែបខាយទៅកាន់ស្រីស្នេហ៍របស់គេ ដោយក្រុមយុវជនទាំងអស់នោះ សុទ្ធតែស្ថិតនៅក្នុងសភាពស្រវឹងស្រារៀងៗខ្លួននោះ ទើបបង្កជាជម្លោះ ហើយក៏ត្រូវបាមក្រុមសន្តិសុខដេញឲ្យចេញក្រៅ និងដេញវាយគ្នាបង្កឲ្យជនរងគ្រោះមានរបួសស្នាម ហើយក្រុមជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ទៅ ។
ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់ទីតាំងកើតហេតុ បាននាំជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីកំណត់មុខសញ្ញា នឹងសាកសួររកមូលហេតុនៃការឈ្លោះគ្នាផងដែរ ៕ ស រស្មី