ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងភូមិអូរក្រូច ស្រុកត្រពាំងប្រាសាទ បន្ទាប់ពីគេចអស់រយៈពេលខ្លួនជាង៨ឆ្នាំ ពាក់ព័ន្ឋករណីប្លន់ នៅខេត្តស្វាយរៀង។
នគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អោ រ័ត្ន ហៅង៉ោល ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជននេះបានប្រព្រឹត្តអំពើប្លន់ស្ថិតនៅក្នុងភូមិវត្តឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១០ ហើយបានរត់គេចខ្លួនទៅរស់នៅក្នុងភូមិអូរក្រូច ស្រុកត្រពាំងប្រាសាទ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ទើបត្រូវបាននគរបាលអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ទ្រី សុភ័ក្រ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង។
ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕ ប៉ែន នួន