ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះភ្នំភ្លើងនៅ Papua New Guinea ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

ចែករំលែក៖

អង្គការ កាកបាទក្រហមក្នុងប្រទេស Pabua New Guinea បានប្រកាសកាល ពីថ្ងៃទី១៤ ខែមករាថា មនុស្សប្រមាណ ១,៥០០នាក់ ត្រូវបានជម្លៀសចេញពីកោះមួយកន្លែងនៃភាគខាងជើងឆ្នេរប្រទេស ដែនកោះ Papua New Guinea (PNG) ទៅកាន់ទីទួលមាន សុវត្ថិភាព បន្ទាប់ពីភ្នំភ្លើងនៅក្បែរនោះបានផ្ទុះ។

យោងតាមទីភ្នាក់ងារកាកបាទក្រហមក្នុងតំបន់ ភ្នំភ្លើងខាងលើដែលមានទីតាំងស្ថិតនៅលើកោះ Kadovar ស្ថិតនៅ ចម្ងាយ២៤គីឡូម៉ែត្រ ពីភាគខាងជើងដែន ដីគោករបស់ Papua New Guinea បាន​ចាប់ផ្ដើមផ្ទុះតាំងពីថ្ងៃទី៥ ខែមករា មកម៉្លេះ ហើយវាក៏បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្ស ៥៩០នាក់នៅលើកោះ Kadovar ទៅកាន់ កោះ ក្បែរខាង Blup Blup រួចហើយដែរ ដើម្បីការពារពួកគេពីគ្រោះថ្នាក់ជាយថាហេតុ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្ទុះយ៉ាងខ្លាំងបញ្ចេញផេះយ៉ាងក្រាស់ឃ្មឹកទៅលើអាកាស ភ្នំភ្លើង មួយនេះបានផ្ទុះជាថ្មីទៀតកាលពីថ្ងៃសុក្រ ដោយ បញ្ចេញផ្ទាំងថ្មធំៗពណ៌ក្រហម និងស្ពាន់ ធ័រឌីអុកស៊ីតទៀតផង។

គួរបញ្ជាក់ថា កាកបាទក្រហមអន្តរ ជាតិក្នុងតំបន់ បានសម្រេចចិត្តផ្ដល់ជំនួយ ២៦.២៧៤ដុល្លារ ដល់អាជ្ញាធរ Papua New Guinea រីឯក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ក៏បានប្រកាសដែរថារដ្ឋាភិបាលអូស្ត្រាលី នឹងផ្ដល់ប្រាក់ ១៩.៧៧៥ដុល្លារ ក្រោមរូបភាពជំនួយមនុស្សធម៌ដល់ប្រជាជនរងផលប៉ះពាល់៕ ម៉ែវ សាធី


ចែករំលែក៖