ខេត្តសៀមរាប៖ គំនរសំរាមគរដូចភ្នំ នៅតាមដងផ្លូវជាតិលេខ០៦ និង នៅតាម ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប កំពុងរងការរិះគន់ពីមហាជន និងភ្ញៀវបរទេសថា មិនទាន់បានចូលដល់ក្រុងផងមានគំនរសំរាមរាប់មិនអស់នៅតាមដងផ្លូវ ដោយសួរថា ហេតុអ្វីបានជាក្រុងទេសចរណ៍មួយនេះពេញពេញទៅវិញ តើពលរដ្ននៅទីនេះខ្វះការយល់ដឹង ឬ អាជ្ញាធរ អសមត្ថភាព ក្នុងការណែនាំពលរដ្នរបស់ខ្លួន?
តាមការឲ្យដឹងពីពលរដ្ឋបានដែលលក់នៅក្បែរនោះប្រាប់ថា ជិត១ខែហើយ ដែលសំរាមទាំងនេះជះក្លិនស្អុយមកលើអ្នកធ្វើដំណើរ ដោយមិនឃើញមានរថយន្តរបស់ក្រុមហ៊ុន ហ្គា អ៊ី យ៉ា ភី អិល ស៊ី (GAEA PLC) មកដឹកនោះទេ និងមិនដឹងថា អាជ្ញាធរមានវិធានការយ៉ាងណា បើពេលនេះគំនរសំរាមនៅខាងលិច បុរីសុខលាភ ក៏ដូច តាមដងផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាបកំពុងតែកើនឡើងជាច្រើនកន្លែង។ តែបើក្រុមហ៊ុនមិនមកដឹក ចុះអាជ្ញាធរ ម្តេច ក៏មិនបើកភ្នែកមើលផង ព្រោះនេះជាផ្លូវទេសចរណ៍របស់ខេត្តសៀមរាប។
ជុំវិញករណីខាងលើនោះដែរលោក សុខ ចេតនា ជាប្រធានប្រតិបត្តិការ របស់ក្រុមហ៊ុនហ្គា អ៊ី យ៉ា ភី អិល ស៊ី (GAEA PLC) បានប្រាប់តាមទូរស័ព្ទនៅ វេលាម៉ោង២ និង ២១នាទីរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៨ នេះថា សំរាម អាណាធិបតេយ្យ ដែលប្រជាពលរដ្ឋ នាំគ្នាយក មកចោលនៅតាមដងផ្លូវជាតិលេខ៦ ក៏ដូចនៅតាមដងផ្លូវក្រវាត់ក្រុង នោះ ពីមុន គឺក្រុមហ៊ុន ចាន់ ម៉េង សុវណ្ណ ជាអ្នកទទួលខុសត្រូវ ដែលបានទទួល កញ្ចប់ថវិកាបរិស្ថានពីសាលាក្រុង ក្រោយមកក៏ដាច់កិច្ចសន្យាចាប់ពី ខែធ្នូឆ្នាំ២០១៧ រហូតដល់ ខែមករាឆ្នាំ២០១៨ មិនទាន់មានខាងណាទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែ រង់ចាំភាគីពាក់ព័ន្ធ មានដូចជា៖អាជ្ញាធរដែនដី មន្ទីរបរិស្ថាន ក្រុមហ៊ុន សហការគ្នា ចុះទៅផ្ទាល់តែម្តង ជួបជុំគ្នាពិភាក្សាគ្នា រកដំណោះស្រាយ ដើម្បីឱ្យក្រុមហ៊ុនដឹង ឬក៏ឱ្យខាងណាដឹងនោះ វាមិនមែនមានលក្ខណៈយុត្តិសាស្ត្រនោះទេ ហើយការចោទនៅតែបន្តចោទទៀតដដែល ចំពោះនៅក្នុងខេត្តសៀមរាប មិនមែនមានតែ នៅតាមដងផ្លូវជាតិលេខ៦នោះទេ គឺនៅតាមផ្លូវក្រវាត់ក្រុង ក៏មានប្រជាពលរដ្ឋ មួយចំនួន នាំគ្នា ជិះម៉ូតូ ខ្លះ ជិះដល់ឡាន ក៏យកទៅចោល ដែរ ហាក់បីដូចគ្មានដឹងពីបរិស្ថានអ្វីសោះឡើយ។
ចំណែក កញ្ញា សា រួម មុខងារ បរិស្ថាន និង សម្អាត ក្រុង របស់ក្រុមហ៊ុនហ្គា អ៊ី យ៉ា ភី អិល ស៊ី (GAEA PLC) ដែលទទួលប្រមូលសំរាមនៅក្នុងបរិវេនព្រះអង្គចេក ព្រះអង្គចម បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ថា ការប្រមូលសំរាមនៅបរិវេណព្រះអង្គចេក ព្រះអង្គចម មានការយឺតយ៉ាវ កន្លងមក គឺដោយសារខ្វះកម្មករ និង រថយន្តខូចម្តងម្កាល ប៉ុន្តែសំរាមនៅទីនោះ គឺមកពីបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅលក់ នៅមុខនោះ មិនសូវមានការយកចិត្តទុកដាក់ រឿងបរិស្ថាន ប៉ុន្មាននោះទេ ហើយពួកខ្ញុំ មិនបានយកលុយពីពួកគាត់អ្នកលក់ដូរនោះទេ គឺយកលុយពីខាង អ្នកគ្រប់គ្រង នៅថែរក្សាព្រះអង្គចេក ព្រះអង្គចម ក្នុង១ខែ តម្លៃ ៥០ដុល្លា ។
រីឯ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទ របស់លោក នៅក្រៅតំបន់សេវា ៕ ប៊ុន រិទ្ធី