អភិបាលខេត្តកំពង់ធំ លោក សុខ លូ ហាក់ដូចជាទាល់តម្រិះចំពោះបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ទាល់តម្រិះក៏ព្រោះតែពួកមន្ត្រីជលផលមិនខ្វល់នឹងបទបញ្ជារបស់លោកអភិបាលខេត្ត ប៉ុន្តែគេស្តាប់តែខ្សែបណ្តោយគឺរដ្ឋបាលជលផល និងក្រសួងកសិកម្ម។ អគ្គនាយករដ្ឋបាលជលផល លោកអេង ជាសាន មិនដែលខ្វល់អំពីបញ្ហាបទល្មើសនេសាទនោះឡើយ គឺលៃយ៉ាងណាឲ្យតែកូនចៅផ្តល់ប្រយោជន៍ឲ្យគឺគ្រប់គ្រាន់ហើយ ម្យ៉ាងទៀតលោកមើលតែរបាយការណ៍លើក្រដាសប៉ុណ្ណោះ មិនមើលការពិតនោះឡើយ។
ការពិតបណ្តាជនវៀតណាមកំពុងធ្វើនេសាទដោយឧបករណ៍ល្មើសច្បាប់យ៉ាងគគ្រឹកគគ្រេងនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ ក្រោមការចាត់ចែងរៀបរយដោយមន្ត្រីជលផល ក្រោមអំណាចបញ្ជាលោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងហែហមដោយមន្ត្រីជលផល ដែលពូកែកសាងបទល្មើសដូចជា ឈ្មោះយ៉ាន់ វិសាក់ ហៅសែ ជាដើម។ នៅពេលដែលសមត្ថកិច្ចរដ្ឋបាលជលផលថ្នាក់ជាតិចុះទៅពិនិត្យ ពួកមន្ត្រីជលផលថ្នាក់ខេត្តបានប្រាប់ពួកអ្នកនេសាទល្មើសច្បាប់ទាំងនោះឲ្យផ្អាកសកម្មភាព ឬពន្លិចបទល្មើលមួយគ្រាសិន ធ្វើម៉េចកុំឲ្យគេមើលឃើញ។ នៅពេលដែលក្រុមលោកអេង ជាសាន ចុះទៅពិនិត្យ គឹពិតជាមិនឃើញបទល្មើសនោះទេ។ ប៉ុន្តែមិនមែនលោកអេង ជាសាន មិនដឹងនោះទេ ផ្ទុយទៅវិញ វាជារឿងផលប្រយោជន៍ដែលកូនចៅថ្នាក់ខេត្តបានរៀបចំទុកដាក់រួចជាស្រេចហើយ។
ថ្នាក់ដឹកនាំខេត្តកំពង់ធំកន្លងមកធ្លាប់របូតតំណែងដោយសារបញ្ហាបទល្មើសនេសាទនេះដែរ។ លោកសុខ លូ បានត្រឹមតែក្អកក្រហែមចំពោះមុខអ្នកកាសែត ឬព្រមានរបៀបបត់ដុំដៃចំពោះមន្ត្រីជលផលទាំងនោះ ដែលគេយល់ថា ជាវិធីវាយស្មៅបង្អើលពស់ ។ ទីបំផុត បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ នៅតែបន្តកើតមានជាហូរហែក្រោមក្រសែភ្នែកមន្ត្រីជលផល។ អ្វីដែលឈឺចាប់នោះគឺបណ្តាជនខ្មែរម្ចាស់ស្រុកពិតជាមិនអាចនេសាទបានទេ ផ្ទុយទៅវិញបណ្តាជនវៀតណាមដែលបង់ប្រាក់ឲ្យមន្ត្រីជលផលដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ យ៉ាន់ វិសាក់ ហៅសែ ពិតជាអាចប្រព្រឹត្តល្មើសបានតាមអំពើចិត្ត។ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏មើលឃើញតែផលប្រយោជន៍នោះដែរ៕