ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចតូបធ្វើម៉ូតូ នឹងលាងម៉ូតូ ភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប មានករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ លឹម វិរះ (ហៅង៉ា) ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរធ្វើជាងជួសជុលម៉ូតូ តាមការឆ្លើយបំភ្លឺពី កូនជនរងគ្រោះបានឲ្យដឹងថា «ប៉ាខ្ញុំបានដេកស្លាប់នៅក្នុងរោងធ្វើម៉ូតូលើដីជិតរបងដែកក្រឡាសំណាញ់ ។ ជារៀងរាល់ព្រឹក ខ្ញុំតែងតែមកសុំលុយគាត់ទៅរៀន តែមកដល់ឃើញគាត់ដេកស្លាប់តែម្ដង» ។

ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី បន្ទាប់មកបានប្រគល់សាកសពជូនសាចញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​

 

 


ចែករំលែក៖