ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក ខេត្តកណ្ដាល បានឲ្យដឹងថាលោក មុំ វុត្ថា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ១ កំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ គ្រាន់តែបង់លុយតាមការកំណត់របស់លោក មុំ វុត្ថា និងបក្ខពួកគឺជាការស្រេច។ មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល មួយចំនួនបានឲ្យដឹងថា ការដែលលោក មុំ វុត្ថា ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ១ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីប្រធានមន្ទីរសាធារណការខេត្តកណ្ដាលផងដែរ ។
ប្រភពខ្លះបានឲ្យដឹងថា ទោះបីឈ្មួញដឹកជញ្ជូនទំនិញតាមរថយន្តធំៗផ្ទុកលើសទម្ងន់យ៉ាងណាក៏ដោយ គឺមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក មិនចាត់វិធានការពិន័យតាមច្បាប់នោះទេ។ ផ្ទុយទៅវិញក្រុមមន្ត្រីប្រចាំស្ថានីយថ្លឹងរថយន្តនោះ ចាំប្រមូលលុយពីម្ចាស់រថយន្តដឹកទំនិញធំៗដោយគ្មានចេញវិក្កយបត្រត្រឹមត្រូវនោះទេ ហើយករណីខ្លះពួកគេគ្រាន់តែកត់ស្លាកលេខរថយន្តដើម្បីទៅប្រមូលលុយប្រចាំខែ គឺជាការស្រេច។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានគេចវេះមិនបង់លុយតាមការកំណត់ទេនោះ ថ្ងៃក្រោយអាចត្រឹមប្រឈមនឹងការពិន័យជាមិនខាន ព្រោះមន្ត្រីក្រោមឱវាទរបស់លោក មុំ វុត្ថា ស្គាល់ច្បាស់ពីអត្តសញ្ញាណរថយន្តក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១រួចទៅហើយ។
តាមការអះអាងរបស់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថាគ្រប់រថយន្តដឹកទំនិញទោះបីផ្ទុកលើសទម្ងន់ឬខ្វះទម្ងន់យ៉ាងណាក៏ដោយ គឺចៀសមិនផុតពីចូលបង់លុយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តក្រោមការគ្រប់គ្រងរបស់លោក មុំ វុត្ថា នោះទេ។ ប្រការនេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នមានឈ្មួញមួយចំនួនប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ ហើយលោក មុំ វុត្ថា និងមន្ត្រីក្រោមឱវាទមិនចាត់វិធានការពិន័យតាមច្បាប់ឡើយ គ្រាន់តែតម្រូវឲ្យឈ្មួញបង់លុយតាមការកំណត់ប៉ុណ្ណោះ៕