ព័ត៌មានទាន់ហេតុការណ៍៖

កញ្ជាជិត២ម៉ឺនដើមត្រូវបាននគរបាលស្រុកគិរីវង់បង្ក្រាបនិងដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តតាកែវ ៖ កញ្ឆាប្រមាណជិត២ម៉ឺនដើម ដែលជនខិលខួចលួចដាំ ត្រូវបានកម្លាំងនគរបាលស្រុកគិរីវង់បង្រ្កាបនិងដុតបំផ្លាញចោលនៅនឹងកន្លែង ដែលការបង្រ្កាបនេះធ្វើឡើងកាលពី ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦.៣០នាទី ស្ថិតនៅចំណុចស្ថិតនៅចំណុច ជ្រោះឃ្លៃ ដាក្រឡាញ់ ដុបជុំសេក និង ដុបបែកថ្លាំង ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

នគរបាលស្រុកគិរីវង់ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នោះដឹកនាំដោយ លោកវ.ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក ដឹកនាំកម្លាំងនគរបាលចំនួន៧០នាក់ បានចុះបង្រ្កាប និងបំផ្លាញចោលនូវដំណាំកញ្ឆាខុសច្បាប់ដែលជនខិលខួចលួចដាំ មានចំនួនរួម៦៩ទីតាំង ស្មើ១៦.២៧០ដើម និងអណ្តូងប្រស់ទឹក ចំនួន៨៤អណ្តូង ដែលមានផ្ទៃដីសរុប ៥.០៧៥ម៉ែត្រការ៉េ ។ តាមសេចក្ដីរាយការណ៍ថា ការដាំកញ្ឆានេះបន្ទាប់ពីឈ្មួញវៀតណាម ឡើងមកបញ្ជាទិញ ដោយហ៊ានឲ្យតម្លៃខ្ពស់។ ដូច្នេះហើយបានជាពលរដ្ឋលួចដាំ បើទោះបីដឹងថា ខុសច្បាប់ក្ដី។

ប៉ុន្តែយ៉ាងណាក៏ដោយពុំមានអ្នកដាំកញ្ឆាណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះទេ។

បច្ចុប្បន្នកម្លាំងជំនាញ់កំពុងកសាងសំណុំរឿង ស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ភ្នំដា


ចែករំលែក៖