ភ្នំពេញ៖ នៅថ្ងៃ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន ១៦,៩០៩នាក់ មកពីរោងចក្រចំនួន២០ស្ថិតនៅរោងចក្រតំបន់ព្រៃទា ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករនិងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់កូនក្មួយកម្មករទាំងអស់ដែល កន្លងមកបានចូលរួមក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំរើការងារនៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញអោយសេដ្ឋកិច្ចមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ កម្ពុជាខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយសារតែស្ថេរភាពនយោបាយ និងការរក្សាបាននូវសន្តិភាព ជូនប្រជាពលរដ្ឋដែលកត្តាទាំងនេះអោយធ្វើឲ្យយើងមានលទ្ធភាពតម្លើងប្រាក់ខែជូនកម្មករជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៦ថ្ងៃ នៃខែមករានេះ មានស្ត្រីជាកម្មករិនីបានទទួលសេវាថែទាំសុខភាពនិងសម្រាលកូនចំនួន ១,៨៩៥នាក់ ហើយសម្រាលកូនបានចំនួន ១,៩១៤ទារក ក្នុងនោះក៏មានកូនភ្លោះផងដែរ។ រដ្ឋត្រូវបានចំណាយថវិកាអស់ប្រមាណ ៧៦៤លាន ៤សែនរៀលផងដែរ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា នៅឆ្នាំ២០១៧ កន្លងទៅ គឺជាឆ្នាំដែលមានសេដ្ឋកិច្ចដ៏រឹងមាំ ដែលបានចាក់ស្រេះ មកដល់ឆ្នាំ២០១៨ ដែលយើងត្រូវខិតខំបន្តអោយខ្លាំងបន្ថែមទៀត។ នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះកម្ពុជានទទួលភ្ញៀវទេសចរណ៍ចំនួន ៥លាន ៦ សែននាក់ នេះជាមោទនភាពមួយដែលធ្វើអោយឲ្យយើងត្រូវតែខិតខំជំរុញវិស័យនេះ ជាពិសេសពេលខាងមុខនេះ យើងនឹងបន្ថែមអាកាសយានដ្ឋានថ្មីទាំងក្នុងទីក្រុងភ្នំពេញ និងខេត្ត សៀម រាប។
សម្តេចតេជោ ហ៊ុន សែនបានស្នើអោយក្រសួងការងារ រកពេលវេលាណាមួយ ដើម្បីជួបកម្មករកម្មករនីនៅឯខេត្តព្រះសីហនុ ដែលមានកម្មករប្រមាណជាង ២ម៊ឺននាក់។ ជាធម្មតា សម្តេចតេជោ តែងតែអញ្ជើញទៅជួបជុំកូនក្មួយ ប៉ុន្តែដោយសារប៉ះចំថ្ងៃទី ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ ដែល ក្រសួងការងាររៀបចំអោយបានមុន ពីព្រោះនៅក្នុងកំឡុង ខែឧសភា គឺអាចមានភ្លៀងធ្លាក់ ដូច្នេះត្រូវរៀបចំជាពីរលើក ដោយយកថ្ងៃទី១ ជួបជាមួយប្រធានផ្នែក ប្រធានរដ្ឋបាល និងថ្ងៃទី២ ជួបជាមួយកម្មករ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៨ចំនុចដើម្បីអោយក្រសួងពាក់ពន្ធ័អោយអនុវត្តន៍អោយមានប្រសិទ្ធភាព។
១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយ បានម៉តចត់។
៣)ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។
៤)ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
៥)ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៤៨៥ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ