ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៤០នាទីយប់ កម្លាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានចុះល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ លុះមកដល់ចំណុចប្លុកច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យក៏ហៅឈប់សុំត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំញ២កញ្ចប់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ យុន វ៉ាន់ដា ហៅដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ លាស់ ចំរើន ហៅចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ ទាំង២នាក់នេះ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបណ្ដោះអាសន្ននៅយានដ្ឋានជួសជុលរថយន្ត ផ្លូវលេខ៦០៨ ក្រុម៤៥ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា២កញ្ចប់, កូនកន្ត្រៃពណ៌ក្រហម១ដើម, ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្សុ៊យគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-6781 និងទូរស័ព្ទដៃ១គ្រឿង។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ស តារា