ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តម៉ាកRANGE ROVERជ្រុលទៅម៉ូតូហុងដាc125បណ្ដាយឲ្យបុរស២នាក់ បានរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ ខណ:ដែលជិះម៉ូតូលឿនបំពានភ្លើងស្តុបក្រហម ហើយត្រូវបានស្ត្រីម្នាក់បើករថយន្ត មួយគ្រឿងម៉ាក RANGE ROVER មកបុកពីចំហៀងពេញទំហឹង បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតកាលនេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃនេះ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤៨៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីម្នាក់ បើករថយន្ត RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2772 រួចនិងមានមិត្តភ័ក្រម្នាក់ទៀតរួមដំណើជាមួយ បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ខាងលើមានស្តុប ដោយសារតែអទិភាពភ្លើងខៀវ ទើបបន្តដំណើរទៅមុខទៀត ភ្លាមនោះស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដា125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1B-5750 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងស្តុបក្រហម ហើយក៏រថយន្តខាងលើបុកពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យរងរបួសទាំង២នាក់ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាតដំណំ។

ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចខណ្ឌចំការមនចុះវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖