ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទសិស្សសាលាភូមិន្ទវិចិត្រសិល្បៈបានសម្រេចហើយតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone 6ពីនារីម្នាក់ជាសិស្សសាលាភូមិន្ទវិចិត្រសិល្បៈបានសម្រេចហើយ ហើយព្យាយាមជិះគេចខ្លួនទៅស្រាប់តែទៅបុកនឹងរថយន្តបណ្ដោលឲ្យដួលក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទួលទំពូង២ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ ៤៣០ កែងផ្លូវ៤៥០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ជា លីហុង ភេទប្រុស អាយុ ១៩ឆ្នាំពិតប្រាកដ ស្នាក់នៅសំណង់១២ ។ ជនសង្ស័យទី២មានឈ្មោះ ប៊ុន បញ្ញា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសំណង់១២ ។ ចំណែកនារីជនរងគ្រោះមាន ឈ្មោះ លី សាលីន ចាន់សុមនា អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១០សាលាវិចិត្រសិល្បៈ។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបខ្ញុំទើបតែចេញមកពីសាលាវិចិត្រសិល្បៈខណៈកំពុងជិះម៉ូតូហើយបាននិយាយទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone 6 តាមដងផ្លូវខាងលើ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-3056 បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីរូបខ្ញុំបានសម្រេច ហើយរួចក៏ប្រញាប់ជិះរត់គេចខ្លួន ភ្លាមៗនោះរូបខ្ញុំក៏បានស្រែកឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឲ្យជួយដេញជនសង្ស័យ ធ្វើឲ្យជនសង្ស័យភ័យក៏ជិះទៅប៉ះជាមួយរថយន្តមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវខាងលើ បណ្តាលឲ្យជនសង្ស័យដួលម៉ូតូទើបត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានទាំង២នាក់តែម្តង។

ក្រោយពីជនសង្ស័យទាំង២នាក់ត្រូវប្រជាពលរដ្នចាប់បានហើយជនសង្ស័យទាំង២នាក់ បានប្រកែកថា ខ្លួនមិនមែនជាចោរនោះទេ ។ ភ្លាមៗនោះជនសង្ស័យទាំង២នាក់ត្រូវបានប្រជាពលរដ្នប្រគល់ឲ្យសមត្ថកិច្ចមូលដ្នានឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលទួលទំពូង២ ដើម្បីសាកសួរបន្ត ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖