ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទ I Phone 7 plus បានសម្រេច

ចែករំលែក៖

ភ្នំពេញៈ​ ជនសង្ស័យ​ម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១២ ធ្វើការឃាត់ខ្លួន ក្រោយ ពីធ្វើសកម្មភាពលួច ទូរស័ព្ទ I Phone 7 plus បានសម្រេចតែរត់មិនរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​ ០៣និង០៥នាទីរសៀល ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ ចំណុចខាងមុខ ផ្ទះលេខ២០៥ តាមបណ្ដោយផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ​ គង វណ្ណៈ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ​ មុខរបរ​ បុគ្គលិក ធានាគា​ ស្នាក់នៅភូមិ ៥៥ ឃ៉ំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្ម៉ំ។

ចំណែកជនរងគ្រោះឈ្មោះ សុខ លាភ ភេទប្រុស អាយុ៣១ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ ៧៥ ផ្លូវលេខ ២០៥កែងផ្លូវលេខ៣៨៨ ក្នុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា​ មុនកើតហេតុជនសង្ស័យម្នាក់ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BS-៦៨៤៤ បានជិះម៉ូតូចូលមកកន្លែងជនរងគ្រោះលក់ទូរស័ព្ទ តាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវលេខ៣៨៨ ដោយមិនឃើញម្ចាស់នៅយាមកន្លែង ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿងម៉ាក I Phone 7 plus ពណ៌ក្រហម បានសម្រេច ហើយភ្លាមនោះជនរងគ្រោះក៏ឃើញទាន់បានដេញចាប់រហូតមកដល់ខាងមុខមន្ទីពេទ្យរុស្សី ក៏ប្រទះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក កំពុងល្បាត់ក៏ ដេញតាមឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

បញ្ជាក់ទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ ប្រគល់អោយជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ​ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការបន្តតាមនីតិវិធី៕ ស រស្មី

 


ចែករំលែក៖