ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន ៦នាក់ បានរងរបួសធ្ងន់ស្រាល និងប្រលឹងចុងសក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ចំនួន ២លើក នៅកន្លែងក្បែគ្នាត្រឹមរយៈពេលជិត ១ម៉ោងប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើនេះ បានកើតឡើងកណ្ដាលថ្ងៃត្រង់ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៦.១៤៧ និង១៤៧.១៤៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុលើកឡើងស្រឌៀងៗគ្នាថា នៅវេលាខាងលើគេឃើញរថយន្តម៉ាក ១គ្រឿង បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង បណ្ដាលឲ្យចង្កូវក្រឡាប់ផ្ងាជើងតែម្តងរួចគេឃើញមនុស្សលូនចេញពីក្នុងការប៊ីនរថយន្តចំនួន ២នាក់មានសភាពស្លេកស្លាំង(មិនធ្ងន់ធ្ងរទេ) ហើយក៍មិនបង្កការគ្រោះថ្នាក់ដល់ជនដទៃ និងទ្រព្យសម្បាតិជាសាធារណៈអ្វីនោះដែរ ហើយមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកមកសំរួលចរាចរណ៍ផងដែរ។
ប្រភពព័ត៌មានខាងលើបន្តថា លុះក្រោយមកបន្តិចក៍មានគ្រោះថ្នាក់ចរាចរណ៍ ១ករណីទៀតបានកើតឡើង រវាងអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហមលាយខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 2797 ធ្វើចរាចរណ៍ជិះឆ្លងផ្លូវពីជើងទៅត្បូង ក៍បុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាក DUK ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ 5904 បណ្ដាលឲ្យភាគ្គីអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា(បាក់ជើងម្ខាង) និងអ្នករួមដំណើរ(ធ្ងន់)ផងដែរ ចំណែកភាគ្គីខាងម៉ូតូម៉ាក DUK របួសស្រាលទាំងអ្នកបើកបរទាំងអ្នករួមដំណើរ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះរថយន្តម៉ាក សាំយ៉ុង ដឹកផ្លែឈើគេមិនឃើញជំនាញមានចំណាត់ការនោះទេ ព្រោះមិនបង្កការគ្រោះថ្នាកផ្សេងៗនោះឡើយ ដោយឡែក៖ ករណីម៉ូតូ និងម៉ូតូ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកបានយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន