ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នប្ដឹងថាមិនគួរអាជ្ញាធរនិងមន្រ្ដីជំនាញបណ្ដោយឲ្យលោកឈួន រស្មី បង្កើតកសិដ្ឋានចិញ្ចឹមជ្រូកក្នុងភូមិធ្វើឲ្យជះក្លិនស្អុយប៉ះពាល់សុខភាពបែបនេះទេ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ចំនួន ១៣៧គ្រួសាររស់នៅក្នុងភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រតិកម្មនឹងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកអត់ច្បាប់មួយកន្លែង របស់ លោក ឈួន រស្មីដែលកំពុងតែជះក្លិនស្អុយជាប្រចាំធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅរបស់ពួកគាត់អស់រយះពេលជិត៣ខែមកហើយ ដែលមានទីតាំងស្ថិតនៅជាប់អូរ៧៣ ក្នុងភូមិរពា់កពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកពូអឿងណែម ប្រធានភូមិរពាក់ពេន បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិនេះមានចំនួ១៣៧គ្រួសារ កំពុងរងក្លិនស្អុយពីកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះអស់រយៈពេលជិត៣ខែមកហើយ ដោយម្ចាស់កសិដ្ឋានអះអាងថា គេមានច្បាប់អនុញ្ញាតិពីស្រុក ទើបអាចបើកបាន។

លោកគាំ តាក់ មេឃុំ បានបង្ហើបឲ្យដឹងថា បញ្ហាក្លិនស្អុយនេះ លោកនិងក្រុមប្រឹក្សាឃុំ មន្ត្រីជំនាញពេទ្យសត្វ ធ្លាប់បានចុះធ្វើការអប់រំ ណែនាំ និងធ្វកិច្ចសន្យាម្តងរួចមកហើយ ថាឲ្យមានការបោសសំអាតអនាម័យជាប្រចាំ តែម្ចាស់កសិដ្ឋាននេះមិនបានគោរពតាមការណែនាំឡើយ។

ជាមួយគ្នានេះដែរ លោក ជា ផាង ប្រធានបរិស្ថានស្រុកបារាយណ៍ បានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះពិតជាមានខ្លិនស្អុយដល់ប្រជាពលរដ្ឋមែន តែលោកក៏បានចុះមកជាមួយពេទ្យសត្វនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យណែនាំរួចហើយ ព្រមទាំងឲ្យម្ចាស់កសិដ្ឋានបាញ់ថ្នាំ (EM)ដើម្បីកំចាត់ក្លិនស្អុយ តែម្ចាស់កសិដ្ឋាននេះនៅតែមិនអនុវត្តតាមកិច្ចសន្យាទេ។

ចំណែកលោកឈួន រស្មី និងប្រពន្ធឈ្មោះអេង ស្រីណូន រស់នៅភូមិសាលាឃុំ ឃុំទ្រៀលគាត់បាននិយាយថាខ្លួនគាត់មានច្បាប់ពីស្រុក តែមិនព្រមបង្ហាញប្រាប់អ្នកសារព័តមានទេ ហើយក៏មិនព្រម អត្ថាធិប្បាយអ្វីឡើយ ទំនងជាអាងអ្នកធំចាំទទួលលាភសក្ការ និងបើកភ្លើងខៀវឲ្យកើតកសិដ្ឋានក្នុងភូមិបែបនេះ។ តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ន ទាំង១៣៧គ្រួសារ រស់នៅក្នុងភូមិខាង់លើនេះ បានទទួចស្នើសុំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មានវិធានការជួយទប់ស្កាត់ ឬក៏បិទទីតាំងនេះតែម្តង ដើម្បីសុខភាពពលរដ្ន ៕ ប៊ុន រិទ្ធី


ចែករំលែក៖