ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងមុខអតីតរោងចក្រកាត់ដេរ គង់ ហុង បណ្ដោយផ្លូវ ព្រះមុនីង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ជា សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់) និង ឈ្មោះ ពេញ ឬទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។ វត្ថុតាងដកហូត រួមមាន កូនថង់តូចៗ សម្រាប់វេចខ្ចប់មួយ ទូរស័ព្ទ អិនចុចពិល ៣គ្រឿង កូនកាបូបពណ៌ខ្មៅមួយ សម្រាប់លាក់ទុកសារធាតុញៀន រួមនិងសម្ភារៈប្រើប្រាស់មួយកំប្លេ។
លោក សុខ សំអ៉ុត នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ល្បាត់ក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យម្នាក់កំពុងតែប្រើប្រាស់សារធាតុញៀន(ជក់) ក៏ឃាត់ខ្លួនសាកសួរ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតកំពុងតែឈរនៅខាងក្រោមស្ពាននាគ ភ្លោះកោះពេជ្រត្រួតពិនិត្យឃើញម្សៅក្រាមសថ្លា ១៥កូនថង់តូច ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យ និង វត្ថុតាងត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕ ស រស្មី