ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន ថៅកែស្រីម្នាក់ និងមនុស្សស្រី៥នាក់ក្នុងនោះក្មេងស្រី១នាក់ជាអនីតិជន ដែលជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ជកម្ម។
ប្រតិបត្តិការនេះ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅហាងម៉ាស្សា មួយកន្លែង យីហោ តំលៃ៣$ ដែលស្ថិតនៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ថៅកែហាង ឈ្មោះប៉ែន រ៉ានី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាទីតាំងម៉ាស្សាខាងលើមានបង្កប់សេវាផ្លូវភេទ ទើបកម្លាំងស៊ើបអង្កេតរហូតឈានដល់កាចុះឆែកឆេរនិងឃាត់មេការតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័ប្រឆាំងការជូញដូមនុស្សដើម្បីសាកសួរបន្ត៕ សុខាសែនជ័យ